ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់ដឹងតម្លៃឡានអគ្គិសនី Hyundai Ioniq 5? នេះជាតម្លៃសរុបពេលមកដល់ខ្មែរខ្ទង់ ៩ម៉ឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីទំព័រភ្នាក់ងារទិញរថយន្តពីបរទេស Auto US Direct Cambodia បានធ្វើការបង្ហាញចេញនូវតម្លៃលម្អិតនៃរថយន្តអគ្គិសនីរបស់ហ៊ីយ៉ាន់ដាយ(Hyundai) ម៉ូដែល Hyundai Ioniq 5 Limited ឆ្នាំ២០២៣ ជាមួយតម្លៃសរុប ៩០ ៣២១ដុល្លារ ដែរតម្លៃសរុបនេះត្រូវបានរួមបញ្ចូលនូវតម្លៃដូចជា៖

  • តម្លៃឡានចំនួន ៦២ ០០០ដុល្លារ
  • តម្លៃពន្ធនាំចូលចំនួន ២០ ២៧២ដុល្លារ
  • តម្លៃដឹកជញ្ជូន ២ ៤៥០ដុល្លារ
  • តម្លៃឯកសារនៅខ្មែរ ៧០០ដុល្លារ
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៧៥០ដុល្លារ

សម្រាប់រថយន្ត Hyundai Ioniq 5 Limited ឆ្នាំ២០២៣ ត្រូវបានផ្តល់នូវជម្រើសចំនួន ២ប្រភេទប្រភេទប៉ុង១ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ទទួលបានថាមពលពីអាគុយ ៧៧,៤គីឡូវ៉ាត់ អាចផលិតកម្លាំងបាន ២២៥សេះ និងអាចបើកបរបានចម្ងាយសរុប ៤៨៧គីឡូម៉ែត្រ(៣០៣ម៉ាយ៍) នៅពេលសាកពេញម្តង។ និងប្រភេទប៉ុង២ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ទទួលបានថាមពលពីអាគុយ ៧៧,៤គីឡូវ៉ាត់ អាចផលិតកម្លាំងបាន ៣២០សេះ និងអាចបើកបរបានចម្ងាយសរុប ៤២៨គីឡូម៉ែត្រ(២៦៦ម៉ាយ៍) នៅពេលសាកពេញម្តង។

សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់ តាមរយៈលេខទូរស័ព្ទ 098 288 687៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Urban Cruiser HyRyder ស៊េរីថ្មី បំពាក់ម៉ាស៊ីន Hybrid តម្លៃខ្ទង់ ២ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត Toyota Urban Cruiser HyRyder ស៊េរីថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ២២ ៩៧០ ដុល្លារនៅទីផ្សាររបស់ខ្លួន។

រថយន្តនេះប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA platform ចំពោះការរចនាផ្នែកខាងក្រៅសង្កត់ធ្ងន់ទៅលើភាពទំនើបទាន់សម័យ និងស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅ ចង្កៀងមុខ LED ថ្មី ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED រាងអក្សរ C ដែលមានឡូហ្គោ HYBRID និងថាសកង់ស្ព័រត្រូវបានរចនាថ្មីទំហំ ១៧ អ៊ីញ។

រីឯនៅផ្នែកខាងក្នុងរបស់ Urban Cruiser Hyryder ត្រូវបានតុបតែងជាពីរពណ៌ ខ្មៅ និងត្នោត ជាមួយនឹងគ្រឿងបរិក្ខាស្បែកទន់។ បន្ថែមពីនេះ ក៏បានបំពាក់ឧបករណ៍មូលដ្ឋានដូចជាអេក្រង់កំសាន្ត touchscreen កណ្តាលទំហំ ៩ អ៊ីញ ដែ១លអាចភ្ជាប់មុខងារ Apple CarPlay និង​ Android Auto កាំមេរ៉ា ៣៦០ ដឺក្រេ។

បន្ថែមពីនេះ ក៏មានប្រព័ន្ធបញ្ជាដោយទូរស័ព្ទដូចជា ចាក់សោ/ដោះសោរពីចម្ងាយ និងបិទ/បើកប្រព័ន្ធម៉ាស៊ីនត្រជាក់ពីចម្ងាយ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ៥,៥  អ៊ីញ ប្រព័ន្ធសាកឥតខ្សែ ពោងសុវត្ថិភាពចំនួន ៦ ចំនុច  ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ​ រថយន្តដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ  ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំងអាចផលិតកម្លាំងបាន ១០២ សេះ និងកម្លាំងរមួល ១៣៥ ញ៉ូតុនម៉ែត្រ ​ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ និងលេខដៃ ៥ វគ្គ ប្រភេទបើកបរប៉ុង១ និង ប៉ុង ២ ជាមួយកម្រិតស៊ីប្រេង ២៦,១ គីឡូម៉ែត្រ/លីត្រ។
  • ម៉ាស៊ីនសាំងកូនកាត់ Hybrid ចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១២២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ប្រភេទបើកបរប៉ុង ១ ជាមួយកម្រិតស៊ីប្រេង ១៩ ដល់ ២៧,៩ គីឡូម៉ែត្រ/លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Maybach ដ៏ប្រណិតនេះ មានតែ ១៥០​ គ្រឿងប៉ុណ្ណោះ នៅលើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការដាក់បង្ហាញជាលើកដំបូងនៅរថយន្ត Mercedes-Maybach Haute Voiture ជាប្រភេទ sedan ដ៏ប្រណិតដែលបំផុសគំនិតដោយ fashion style ជាមួយចំនួនមានកំណត់ត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះ គ្រោងនឹងដាក់លក់ជាផ្លូវការនៅដើមឆ្នាំ ២០២៣ ។

Maybach នេះផ្អែកលើរថយន្ត Maybach S 680 ដោយផ្នែកខាងក្រៅនៃម៉ូដែលថ្មីត្រូវបានតុបតែងជា ២ ពណ៌​នឹងពណ៌ខៀវនៅលើកំពូល ជាមួយពណ៌មាស (rose gold) នៅផ្នែកខាងក្រោម ថាសកង់ត្រូវបានរចនាពណ៌ខៀវដូចគ្នាទៅនឹងផ្នែកខាងលើ។

រីនៅខាងក្នុង កាប៊ីនតុបតែងជាមួយពណ៌មាស (rose gold) និងពណ៌រាងក្រម៉ៅនៅលើទ្វារខាងលើ ដៃចង្កូត និងផ្ទៃតាឡូ និងពណ៌សគ្រីស្តាល់មាននៅលើកៅអីពូកស្បែក កុងសូល និងដៃទ្វារ។ បន្ថែមពីនេះ ប្រព័ន្ធប្រតិបត្តិការ MBUX ក៏ត្រូវបានអាប់ដេតនិងមានតែសម្រាប់ម៉ូដែលនេះប៉ុណ្ណោះ។

សម្រាប់រថយន្ត S 680 Haute Voiture នីមួយៗបានភ្ជាប់មកជាមួយប្រអប់អនុស្សាវីយ៍ធ្វើដោយដៃមានលេខផ្លាកសញ្ញារបស់រថយន្ត គំរូខ្នាត និងបណ្តោងកូនសោ។ វាក៏មានគម្របរថយន្តពិសេសដែលមានឡូហ្គោ Maybach និង Haute Voiture ផងដែរ។

គួរឲ្យដឹងថា Mercedes បានដាក់បង្ហាញរថយន្ត Maybach S-Class Haute Voiture នៅទីក្រុងឌូបៃ។ ជាមួយគ្នានេះ យោងតាមគេហទំព័រ Motor1.com បានទាក់ទងទៅក្រុមហ៊ុនអំពីតម្លៃ ដោយសម្រាប់ម៉ូដែលស្ដង់ដារ Maybach S 680 4MATIC មានតម្លៃលក់ចាប់ពី ២២៩ ០០០ ដុល្លារនៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota កំពុងរៀបចំផែនការការអភិវឌ្ឍន៍ដ៏ធំសម្រាប់រថយន្តអគ្គិសនីនៅដើមឆ្នាំ ២០២៣

[បរទេស] នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Toyota កំពុងរៀបចំផែនការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់រថយន្តអគ្គិសនីនៅដើមឆ្នាំ ២០២៣ ដោយមកជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថ្មី ដើម្បីកាត់បន្ថយថ្លៃដើមនៃការអភិវឌ្ឍន៍រថយន្តអគ្គិសនី និងអាចឈប់ប្រើប្រាស់គ្រោងឆ្អឹង e-TNGA platform ផងដែរ ។

កន្លង​មក Toyota បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន ១៥ ម៉ូដែល​ក្នុង​ពេល​តែ​មួយ ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ទីផ្សារ​រថយន្ត។ ជាមួយគ្នានេះ បានប្រកាសថា នៅឆ្នាំ ២០៣០ ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ៣០ ម៉ូដែលបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេរាយការណ៍ថា ការចេញលក់ផលិតផលថ្មីអាចនឹងត្រូវពន្យារពេល ព្រោះ​នៅ​មាន​ការ​ចំណាយ​ច្រើន​ក្នុង​ការ​ផលិត។

ក្រុមហ៊ុន Toyota អាចនឹងឈប់ប្រើប្រាស់ស្ថាបត្យកម្មគ្រោងឆ្អឹង e-TNGA ព្រោះ​​ថា​គ្រោងឆ្អឹង​បែប​នេះ​ត្រូវ​ចំណាយ​ពេល​ប្រហែល ​៥​ ឆ្នាំ​ក្នុង​ការ​អភិវឌ្ឍ​ដើម្បី​ឲ្យ​មាន​តម្លៃ​ប្រកួតប្រជែងដែលធ្វើឲ្យយឺតពេលសម្រាប់ Toyota ក្នុងការរីកចម្រើនក្នុងការបង្កើនល្បឿននៃរថយន្តអគ្គិសនី។

ទន្ទឹងនឹងនេះ ត្រូវបានគេរំពឹងថា បើ Toyota ចង់​អភិវឌ្ឍ​រថយន្ត​អគ្គិសនី អ្នក​ផ្គត់ផ្គង់​ដ៏​ធំ​មានតែក្រុមហ៊ុន BYD ប៉ុណ្នោះដែល​សាក​សម​ខ្លាំង​ជាដៃគូររបស់ Toyota ។ ដូចដែលយើងនឹងឃើញ ការអភិវឌ្ឍន៍របស់រថយន្តអគ្គិសនី bZ3 ដែលប្រើម៉ូទ័រអគ្គិសនី និងអាគុយរបស់ BYD នៅលើគ្រោងឆ្ងឹង e-TNGA ប៉ុន្តែប្រសិនបើក្រុមហ៊ុន Toyota ឈប់ប្រើប្រាស់គ្រោងឆ្អឹងផ្ទាល់ខ្លួន នោះនឹងអាចត្រូវបានបង្កើតឡើងដោយ BYD ផងដែរ។

គួរបញ្ជាក់ផងដែរថា គ្រោងឆ្អឹង e-TNGA platform ត្រូវបានរចនាឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតា ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ដែលមាននៅក្នុងម៉ូដែលដំបូងគឺ TOYOTA bZ4X ប្រភេទ Crossover អគ្គិសនី និង bZ3 ជាដើម៕

bZ4x
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr ដាក់គោលដៅបង្កើតទឹកប្រាក់ជាង ១ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Zeekr ដែលជាម៉ាករថយន្តអគ្គិសនីដ៏ពេញនិយមរបស់ក្រុមហ៊ុនផលិតរថយន្តចិន Geely បានដាក់ការសម្ងាត់សម្រាប់ការផ្តល់ជូនជាសាធារណៈដំបូងរបស់សហរដ្ឋអាមេរិក (IPO) ក្នុងគោលបំណងដំឡើងប្រាក់ចំណូលឲ្យបានជាង ១ ពាន់លានដុល្លារ។

យោងតាមប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា Zeekr មាន​ការ​សម្ងាត់​ដែល​បាន​ដាក់​ស្នើ​សុំ IPO ហើយ​កំពុង​ស្វែង​រក​តម្លៃ​ជាង ១០ ពាន់​លាន​ដុល្លារ ដែលអាចចេញជាសាធារណៈនៅដើមត្រីមាសទី ២ ឆ្នាំ ២០២៣ ហើយបានគិតអំពី IPO នៅហុងកុង ប៉ុន្តែការចុះបញ្ជីនៅទីក្រុងញូវយ៉កអាចនាំឱ្យមានការវាយតម្លៃខ្ពស់ជាង។

គួរឲ្យដឹងថា ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតែដោយ Geely ក្នុងខែមេសា ឆ្នាំ ២០២១ ហើយការចុះបញ្ជីរបស់ខ្លួននឹងក្លាយជាក្រុមហ៊ុនធំដំបូងបង្អស់របស់សហរដ្ឋអាមេរិកនៅក្នុងក្រុមហ៊ុនចិនក្នុងរយៈពេលជាង ១៨ ខែ។ ក្នុងនោះ Zeekr ចង់ក្លាយខ្លួនជាគូប្រជែងនឹងក្រុមហ៊ុន Tesla និង Nio ។ ក្នុងនោះ ម៉ូដែលទី ១​ គឺ Zeekr 001 ហើយនៅក្នុងខែវិច្ឆិកា វាក៏បានបង្ហាញរថយន្ត Zeekr 009 ប្រភេត minivan ដ៏ប្រណិតរបស់ខ្លួនផងដែរ។

ខណៈពេលដែល Zeekr ទើបតែចាប់ផ្តើមផលិតឡើង ដោយទទួលបានទឹកប្រាក់ដ៏ធំមួយនៅដើមឆ្នាំនេះបានផ្តល់តម្លៃដល់វាប្រហែល ៨ ពាន់លានដុល្លារ។ លើសពីនេះ នៅខែសីហា ឆ្នាំ ២០២១ ក៏បានទទួលទឹកប្រាក់ចំនួន ៥០០ លានដុល្លារពីក្រុមហ៊ុន Intel Capital, CATL និង Bilibili ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនីដ៏ប្រណិត Zeekr 001 លក់បានចំនួន ៦០ ៦០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ នៅទូទាំងប្រទេសចិន ដែលជាម៉ូដែលតែមួយគត់ដែលមានតម្លៃលក់ចាប់ផ្តើមពី ៤៣ ០០០ ដុល្លារដែលមានតម្លៃជាង Tesla Model Y ។

ម៉ូដែលជាច្រើនទៀតរបស់ Zeekr ដែលនឹងត្រូវប្រើប្រាស់អាគុយ Qilin batteries ដែលបង្កើតឡើងដោយក្រុមហ៊ុន CATL ហើយអាគុយទាំងនេះគឺផ្អែកលើបច្ចេកវិទ្យា CTP ​​ជំនាន់ទី ៣ របស់ CATL ហើយអាចផ្តល់ឲ្យរថយន្តអគ្គិសនី អាចបបើកបរបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ ជាមួយថាមពល ១៣ ភាគរយច្រើនជាងអាគុយប្រភេទ 4680 battery របស់ក្រុមហ៊ុន Tesla ដោយប្រើប្រព័ន្ធគីមីដូចគ្នា និងទំហំដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាកឡានថ្មីរបស់ BYD បង្ហាញឡូហ្គោជាផ្លូវការ នឹងមានលក់តែឡានអគ្គិសនីប្រណីត

[ទីផ្សារបរទេស] ម៉ាកសាខាថ្មីរបស់ក្រុមហ៊ុនរថយន្ត BYD ឈ្មោះថា Yangwang បានបង្ហាញចេញឡូហ្គោជាផ្លូវការ ក្នុងនាមជាម៉ាកដែលលក់រថយន្តអគ្គិសនីប្រណីត។

ជាមួយការរំពឹងថានឹងផលិតរថយន្តតម្លៃចន្លោះពី ១០ម៉ឺនដុល្លារ ទៅ ២០ម៉ឺនដុល្លារ ម៉ាក Yangwang បានប្រកាសថារថយន្តម៉ូដែលដំបូងរបស់ខ្លួនដែលជា SUV បើកបរផ្លូវ Off-Road ឈ្មោះថា R1 នឹងប្រកាសចេញនៅត្រីមាសដំបូងនៃឆ្នាំ២០២៣។

រថយន្ត Yangwang R1 នេះត្រូវបាន BYD បង្ហាញចេញរូបភាពរបស់វា ក្រោយពីវិចិត្រករចិន Sugar Design បានផលិតរូបភាព Render មួយចំនួន។ រថយន្ត SUV ថ្មីនឹងមានជម្រើសអគ្គិសនីសុទ្ធ និង PHEV ដោយអាចផលិតកម្លាំងបានដល់ ៦៥០សេះ ហើយនឹងប្រើប្រព័ន្ធបើកបរប៉ុងពីរ ហើយអាចមានតម្លៃយ៉ាងតិចប្រមាណ ១១ម៉ឺនដុល្លារ លើទីផ្សារប្រទេសចិន។

បន្ថែមពីនេះ SUV នេះនឹងប្រើប្រាស់គ្រោងឆ្អឹងស៊េរីចាស់ដ៏ពេញនិយម Body-On-Frame ដែលកំពុងតែទទួលបានប្រជាប្រិយភាពក្នុងចំណោមអតិថិជនចិនរស់នៅទីក្រុងធំៗដែលចូលចិត្តធ្វើដំណើរកម្សាន្តនៅចុងសប្ដាហ៍ ដោយវានឹងមានប្រភេទកៅអីអង្គុយចំនួន ៥ និងកៅអីអង្គុយចំនួន ៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានហូឡង់ ប្រកាសចេញឡានកម្លាំងខ្លាំង ទម្ងន់ជាង ៧០០គីឡូក្រាម

[ទីផ្សារបរទេស] ក្រុមហ៊ុនហូឡង់ Donkervoort បានបង្ហាញចេញជាផ្លូវការនូវរថយន្តម៉ូដែល F22 ជារថយន្តថ្មីសន្លាងដំបូងរបស់ខ្លួនក្នុងរយៈពេលជាង១០ឆ្នាំ ដែលវាអាចនឹងចូលមកជំនួសថយន្ត D8 GTO។

រថយន្តប្រភេទ Supercar នេះមានការឌីហ្សាញថ្មី ជាមួយតួខ្លួនថ្មី និងប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន Audi អាចផលិតកម្លាំងបាន ៤៩២សេះ ជាមួយទម្ងន់សរុបត្រឹម ៧៥០គីឡូក្រាមប៉ុណ្ណោះ។

ម៉ាស៊ីនដែលក្រុមហ៊ុន Donkervoort បានប្រើលើរថយន្ត F22 គឺជាម៉ាស៊ីន៥ស៊ីឡាំង ចំណុះ ២,៥លីត្រ អាចផលិតកម្លាំងបាន ៤៩២សេះ។ កម្លាំងនេះខ្ពស់ជាង ៥៧សេះ បើធៀបនឹងរថយន្ត Donkervoort D8 GTO Individual Series ហើយទន្ទឹមនឹងនេះវាក៏មានភាពស្អាតជាងមុន ដោយបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតតិចជាងមុន ២៨ក្រាម សម្រាប់ការបើកមួយគីឡូម៉ែត្រ។

តាមការអះអាងរបស់ក្រុមហ៊ុន បានឲ្យដឹងថារថយន្ត F22 អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ២,៥វិនាទី និងអាចស្ទុះពី ០ ដល់ ២០០គ.ម/ម៉ ក្នុងពេល ៧,៥វិនាទី មុនឈានដល់ល្បឿនអតិបរមា ២៩០គ.ម/ម៉។

ការផលិតរថយន្ត F22 នឹងកំណត់នៅត្រឹម ៧៥គ្រឿងប៉ុណ្ណោះ ដោយមាន ៥០គ្រឿង បានលក់ចេញរួចរាល់ទៅហើយ។ ក្រុមហ៊ុននៅបន្តទទួលការកុម្ម៉ង់ទិញរថយន្តដែលនៅសេសសល់ជាមួយតម្លៃចាប់ពីប្រមាណ ២៥៨ ២៦៦ដុល្លារ សម្រាប់ទីផ្សារអឺរ៉ុប ដោយការដឹកជញ្ជូនអាចចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស្ចារ្យមែន! Ford Ranger ស៊េរី២០២៣ ទទួលបានផ្កាយ៥ពីការធ្វើតេស្តសុវត្ថិភាព

[ទីផ្សារបរទេស] ការធ្វើតេស្តសុវត្ថិភាពរបស់ស្ថាប័នអឺរ៉ុប Euro NCAP ត្រូវបានគេចាត់ទុកថាជាការធ្វើតេស្តដ៏តឹងរ៉ឹងបំផុតមួយលើពិភពលោក និងមានស្តង់ដារខ្ពស់ជាពិសេសសម្រាប់រថយន្តទំហំធំ ប៉ុន្តែ Ford Ranger ស៊េរីឆ្នាំ២០២៣ អាចទទួលបានពិន្ទុសុវត្ថិភាពផ្កាយ៥ ពីការធ្វើតេស្តនេះ។

Ford Ranger ទទួលបានពិន្ទុ ៨៤% លើ ១០០% ក្នុងផ្នែកការពារអ្នកដំណើរវ័យជំទង់ ឯការពារកូនក្មេងទទួលបានពិន្ទុ ៩០% ជាមួយការការពារអ្នកថ្មើរជើងទទួលបាន ៧៤% និងមុខងារសុវត្ថិភាពទទួលបានពិន្ទុ ៨៤%។ លទ្ធផលនេះ អាចឲ្យ Ford Ranger ទទួលបានពិន្ទុខ្ពស់បំផុតផ្កាយ៥ នៃស្ថាប័ន Euo NCAP។

យ៉ាងណា Euro NCAP ក៏បានលើកឡើងពីចំណុចខ្សោយមួយរបស់ Ford Ranger ឆ្នាំ២០២៣ គឺទម្ងន់ធ្ងន់របស់វា ដែលអាចធ្វើឲ្យការប៉ះទង្គិចចំជាមួយផ្នែកក្បាលមានកម្រិតហានិភ័យខ្ពស់ជាងធម្មតា ជាចំណុចមួយដែលធ្វើឲ្យ Ford Ranger បាត់បង់ពិន្ទុមួយចំនួន។

ទស្សនាវីដេអូខាងក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់ឡានអគ្គិសនីប្រើពន្លឺព្រះអាទិត្យ ចេញមុខសុំឲ្យអតិថិជនកក់លុយ ៣ពាន់ដុល្លារ ដើម្បីបន្តដំណើរទៅមុខ

[ទីផ្សារបរទេស] នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Sono Motors ឈ្មោះ Jona Christians និង Laurin Hahn បានប្រកាសថាពួកគេបរាជ័យក្នុងការរៃអង្គាសថវិកាដើម្បីបន្តទំនុកបម្រុងដល់រថយន្ត Sion ជារថយន្តអគ្គិសនីដែលប្រើថាមពលព្រះអាទិត្យ។

ក្នុងវីដេអូខ្លីមួយ នាយកប្រតិបត្តិ Sono Motors បានបកស្រាយអំពីបញ្ហាក្នុងការរៃអង្គាសថវិកា ដែលនាំឲ្យមានការខ្វះខាតថវិកា រយៈពេលប៉ុន្មានខែក្រោយពីការបង្ហាញរថយន្ត Sion។ ពួកគេបន្ថែមថា ប្រសិនបើមិនមានថវិកា ពួកគេនឹងបង្ខំបិទគម្រោងការ​រថយន្ត Sion និងកាត់បន្ថយបុគ្គលិកភាគច្រើន។

ដើម្បីអាចបន្តដំណើរទៅមុខ Sono Motors ពេលនេះបានបង្កើតយុទ្ធនាការកក់ប្រាក់ ដែលមានរយៈពេល៥០ថ្ងៃ ដើម្បីស្វែងរកអតិថិជនកក់ប្រាក់ចំនួន ៣០០០អឺរ៉ូ (ប្រមាណ ៣ ១៦៤ដុល្លារ) ចំនួន ៣ ៥០០នាក់បន្ថែមទៀត។ អ្នកដែលចូលយុទ្ធនាការនេះនឹងទទួលបានការបញ្ចុះតម្លៃ ៣០០០អឺរ៉ូ លើតម្លៃរថយន្តដែលរំពឹងថាលក់រាយក្នុងតម្លៃប្រមាណ ២៥ ០០០អឺរ៉ូ (ប្រមាណ ២៦ ៣៦៧ដុល្លារ)។

ក្រុមហ៊ុនជឿថាចំនួនកក់បន្ថែម ៣ ៥០០នាក់ គឺជាគោលដៅដែលអាចសម្រេចបាន ព្រោះកាលពីខែកញ្ញា ខ្លួនទទួលបានការកក់​សរុប ២ម៉ឺនគ្រឿងសម្រាប់រថយន្ត Sion។

រថយន្ត Sono Sion ប្រើប្រាស់អាគុយចំណុះ ៥៤kWh និងប្រើផ្ទាំងសូឡារបង្កប់លើតួខ្លួនដែលអាចបន្ថែមចម្ងាយបើកបរចន្លោះពី ១១២ ទៅ ២៤៥គីឡូម៉ែត្រ ក្នុងមួយសប្ដាហ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន BMW នៅវៀតណាមបញ្ចុះតម្លៃដល់ ៤ពាន់ដុល្លារ ក្រោយប្រកាសពីការផលិតក្នុងស្រុក

[ទីផ្សារបរទេស] ក្រោយពីការប្រកាសដំណឹងផលិតរថយន្ត BMW នៅក្នុងប្រទេសរបស់ខ្លួន BMW សាខានៅវៀតណាម បានផ្ដល់ជូនការបញ្ចុះតម្លៃពិសេសដែលមានរហូតដល់ខ្ទង់ ៤ពាន់ដុល្លារ។

ការបញ្ចុះតម្លៃមានខុសគ្នាទៅតាមម៉ូដែលនៃរថយន្ត ដោយរថយន្ត BMW 7 Series ដែលជាប្រភេទប្រណីតជាងគេ មានផ្ដល់ជូនការបញ្ចុះតម្លៃដល់ ១០០លានដុង ស្មើនឹងប្រមាណ ៤ ២៤០ដុល្លារ និងមានផ្ដល់ជូនកាដូបន្ថែមជាច្រើនទៀត។

ចំណែករថយន្ត BMW 4-Series ប្រភេទ Gran Coupe មានផ្ដល់ជូនការបញ្ចុះតម្លៃប្រមាណ ៣ ៤០០ដុល្លារ ខណៈដែលរថយន្តម៉ូដែលដទៃដូចជា 3 Series, 5 Series ឬ BMW X3 , X4, X5 និង X6 ក៏មានផ្ដល់ជូនតម្លៃពិសេសសម្រាប់អតិថិជនផងដែរ។

គួរដឹងថារថយន្ត BMW ដែលនឹងត្រូវផលិតនៅក្នុងស្រុកមានដូចជាម៉ូដែល BMW 3 Series, BMW 5 Series , BMW X3 និង BMW X5 ដោយនឹងមានប្រើម៉ាស៊ីនដូចជារថយន្តនាំចូលដែរ។ រថយន្តដំឡើងក្នុងស្រុកនេះរំពឹងនឹងមានតម្លៃធូរថ្លៃជាងប្រមាណ ៣ពាន់ដុល្លារ ទៅ ៣ម៉ឺនដុល្លារ ធៀបនឹងរថយន្តនាំចូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+