ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ា! ទើបតែមកដល់ទេតែ Royal Enfield Meteor 350 វាយលុកយ៉ាងខ្លាំង សម្រាប់ទីផ្សារប្រទេសកម្ពុជា

Royal Enfield Cambodia ជាអ្នកចែកចាយផ្លូវការមួយដែលស្ថិតនៅក្រោមក្រុមហ៊ុន TF Motors Cambodia Co., Ltd។ ក្រុមហ៊ុននេះបាននាំចូលម៉ូតូយីហ៊ោ Royal Enfield មកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២០ មកម្លេះ។ ការឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា Royal Enfield Cambodia បាននាំចូលនូវម៉ូឌែលម៉ូតូដ៏ល្បីល្បាញនៅក្នុងសកលលោករបស់ខ្លួនចំនួន៦ ដែលរួមមានទាំងប្រភេទស៊ីឡាំង១ និងស៊ីឡាំងភ្លោះដូចជា Bullet 500 ម៉ូឌែលដែលមានប្រវត្តិនិងរូបរាងពីគ្រាប់កាំភ្លើង, Classic 500 ម៉ូឌែលដែលមានស្ទីលត្រូវគ្រប់សម័យកាល, ម៉ូឌែលដែលសម្រិតសម្រាំងឡើងសម្រាប់ផ្លូវលំបាក Off-road ជាពិសេស the Himalayan (411cc), Interceptor 650, ម៉ូតូប្រណាំងបែបអ្នកជិះកាហ្វេ Continental GT 650 និងចុងក្រោយថ្មីបំផុតគឺ Meteor 350។ ដោយសារតែយីហ៊ោមួយនេះជាប្រភេទម៉ូតូដែលរីកដុះដាលជឿនលឿននៅក្នុងពិភពលោកហើយក៏ជាអ្នកដែលនាំមុខប្រភេទម៉ូតូម៉ាស៊ីនទំហំកណ្តាល (២៥០cc-៧៥០cc) ទើបធ្វើអោយវត្តមានរបស់វានៅក្នុងប្រទេសកម្ពុជាត្រូវបានគេយល់ដឹងច្បាស់និងទទួលស្គាល់យ៉ាងលឿន។

ការបង្កើតឡើងជាមួយនឹងទស្សនះវិជ្ជានៃពាក្យថា “Pure Motorcycling” ដែលជាការបន្ថែមនិងធ្វើអោយដិតជាប់ជាបទពិសោធន៍សម្រា​ប់អតិថិជនគ្រប់គ្នាបានធ្វើអោយ Royal Enfield ព្យាយាមរក្សានូវការអភិវឌ្ឈន៍ខ្លួនអោយទាន់បច្ចេកវិទ្យានិងសម័យកាល ហើយទន្ទឹមនឹងនេះក៏នៅតែរក្សាវប្បធម៌ អត្តសញ្ញាណរបស់ខ្លួនផងដែរ។ នេះជាហេតុផលមួយទៀតដែលនាំអោយមានការបញ្ចេញម៉ូដែលមួយថ្មីចុងក្រោយគឺ Meteor 350 ដែលតំណាងអោយស្មារតីជិះរយះពេលយូរអង្វែងបែប Cruiser, ការរក្សារង្វង់ដើមបែបក្លាសិក និងការរចនា​បែប Timeless Design។ ជាការពិតដែលមិនអាចប្រកែកបាន ម៉ូតូ Meteor 350 គឺកំពុងទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដោយសារតែភាពងាយស្រួលបើកបររបស់វានៅក្នុងទីក្រុងហើយក៏ត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ផ្លូវធំៗ Highway រឺសូម្បីតែផ្លូវនៅតាមទីជនបទ។ អរគុណដល់ផ្នែករោងជាង Service center ដែលផ្តល់នូវសេវាកម្មមានផាសុកភាព រួសរាយរាក់ទាក់ដែលជាកំលាំងចលករមួយជួយរក្សារនូវទំនុកចិត្តពីអតិថិជនផ្ទាល់។

ជាមួយនឹងការលក់ចេញ ៧៥ភាគរយ នៃស្តុកដំបូងរបស់ម៉ូឌែល Meteor 350 នៅដើមខែមិថុនា ២០២១ កន្លងមកនេះបានបង្ហាញអោយឃើញពីសញ្ញាបូកដ៏ល្អក្នុងការវាយលុកទីផ្សាររបស់ប្រទេសកម្ពុជា។ Royal Enfield Meteor 350 បានត្រួសត្រាយផ្លូវយ៉ាងល្អសម្រាប់ខ្លួនឯងដោយឈោងចាប់បាននូវអតិថិជនបែបអ្នកជំនួញវ័យកណ្តាលដែលកំពុងសំលឹងរកម៉ូតូមួយគ្រឿងសម្រាប់ការជិះកំសាន្តក្នុងក្រុងរឺសូម្បីទៅកាន់ទីឆ្ងាយៗនៅជាយក្រុង។ កាន់តែពិសេសប្រសិនបើអ្នកទើបតែរៀនបើកបរម៉ូតូជាលើកដំបូង អ្នកនឹងរកឃើញថាម៉ូតូមួយនេះពិតជាសាកសមសម្រាប់ការសាកនិងចាប់យកបទពិសោធន៍ថ្មីសម្រាប់ជីវិត។

អតិថិជនជាទីស្រលាញ់! អ្នកអាចស្វែងរកម៉ូឌែល Meteor 350 នេះនៅក្នុងបច្ចេកវិទ្យាថ្មីជាមួយប្រព័ន្ធស្អំប្រេងម៉ាស៊ីន Air-oil cooled 349cc, ប្រភេទម៉ាស៊ីន SOHC ជាមួយនឹងរូបរាង Stroke វែង, ប្រើប្រាស់ប្រភេទ Electronic fuel injection បង្កើតជាប្រភេទកំលាំងរត់រលូនល្អមិនលឿនពេក ហើយក៏មិនយឺតពេក និងបង្កើតបានជាកំលាំងរង្វិលជុំច្រើននៅខាងក្រោម( Bottom-end torque)។ សម្រាប់តំលៃ និងប្រមូលសិននឹងធ្វើអោយអតិថិជនកាន់តែភ្ញាក់ផ្អើលជាមួយនឹងការចាប់ផ្តើមត្រឹម ៤ ០០០ដុល្លារ ដល់ ៤ ៣០០ដុល្លារ ដែលមកជាមួយនឹងសំលៀកបំពាក់ និងគ្រឿងតុបតែងម៉ូតូដែលសាកសមឥតខ្ចោះជាមួយនឹងឈុតរបស់ Meteor 350។ តោះមកស្វែងរកបទពិសោធន៍ និងរសជាតិថ្មីអោយជីវិតជាមួយនឹងការកក់បើកសាកល្បងម៉ូឌែលនេះទាំងអស់គ្នាតាមរយះអាស័យដ្ឋាន៖ https://www.royalenfield.com/kh/en/forms/book-test-ride/

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម១ថ្ងៃ ឡានអគ្គិសនីស៊េរីពិសេសរបស់ Kia លក់ដាច់អស់គ្មានសល់

ការកុម្ម៉ង់ទិញរថយន្ត Kia EV6 First Edition សម្រាប់ទីផ្សារសហរដ្ឋអាមេរិក បានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី០៨ ខែមិថុនាកន្លងទៅ ហើយត្រឹមតែមួយថ្ងៃប៉ុណ្ណោះមានអ្នកទិញរថយន្តនេះអស់រលីងគ្មានសល់។

រថយន្ត Kia EV6 First Edition មានផលិតត្រឹម ១៥០០គ្រឿងប៉ុណ្ណោះ ដែលជាប្រភេទពិសេសមួយរបស់រថយន្តអគ្គិសនីថ្មីនេះ។ អតិថិជនដែលកុម្ម៉ង់ទិញ EV6 First Edition ទទួលបានជម្រើសកាដូបីប្រភេទ ទីមួយគឺដុំសាកភ្លើងនៅផ្ទះ ទីពីរគឺបណ្ណ័សាកថ្ម ១០០០គីឡូវ៉ាត់ម៉ោង ឬនាឡិកាដៃវៃឆ្លាត Apple Watch មួយគ្រឿង។

គួរបញ្ជាក់រថយន្ត Kia EV6 First Edition មានបំពាក់មកស្រាប់នូវអាគុយចំណុះ ៧៧,៤គីឡូវ៉ាត់ម៉ោង ដោយប្រើប្រាស់នូវម៉ូទ័រអគ្គិសនីភ្លោះ រួមជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួនផងដែរ។ ការដឹកជញ្ជូនរថយន្ត Kia EV6 Edition នឹងចាប់ផ្ដើមនៅត្រីមាសទីមួយនៃឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្លាំងម៉ាស៊ីនឡាន Ford F-150 Raptor ស៊េរីថ្មី មានការបញ្ជាក់ហើយថាមិនខ្លាំងលើសមុនឡើយ

នៅពេលដែល Ford បង្ហាញចេញរថយន្ត F-150 Raptor ស៊េរីថ្មីកាលពីដើមឆ្នាំ ក្រុមហ៊ុនបាននិយាយថារថយន្តនេះនឹងមានបំពាក់ដោយម៉ាស៊ីន EcoBoost ៦ស៊ីឡាំង ចំណុះ ៣,៥លីត្រ ដែលមានការអាប់ដេតថ្មី ដោយពេលនោះមិនបានបញ្ជាក់អំពីកម្លាំងរបស់វាឡើយ។

នៅពេលនេះ Ford បានបញ្ជាក់ហើយថាម៉ាស៊ីន EcoBoost ៦ស៊ីឡាំង ចំណុះ ៣,៥លីត្រ នេះគឺមិនមានសមត្ថភាពខ្លាំងលើសមុនឡើយ ពោលគឺតែបន្តផលិតបានកម្លាំង ៤៥០សេះ ដដែល។ កម្លាំងនេះគឺខ្សោយខ្លាំង បើប្រៀបនឹងគូប្រជែង Ram 1500 TRX ដែលផលិតកម្លាំងបាន ៧០២សេះ។

យ៉ាងណាក្ដី Ford ធ្លាប់បានបញ្ជាក់ហើយថានៅឆ្នាំ ២០២២ នឹងមានការបង្ហាញចេញរថយន្ត Raptor R ដែលរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន Supercharged ចំណុះ ៥,២លីត្រ ៨ស៊ីឡាំង ដូចដែលមានប្រើនៅលើរថយន្ត Mustang Shelby GT500។ ម៉ាស៊ីននេះអាចផលិតកម្លាំងបាន ៧៦០សេះ ដែលសក្តិសមជាគូប្រជែងពិតប្រាកដរបស់រថយន្ត Ram 1500 TRX។

ក្រៅពីបានបង្ហាញអំពីសមត្ថភាពនៃម៉ាស៊ីនហើយនោះ គេក៏បានដឹងដែរថារថយន្ត F-150 Raptor ស៊េរីថ្មីបើកទទួលការកុម្ម៉ង់ចាប់ពីថ្ងៃទី១០ ខែមិថុនា ជាមួយតម្លៃដែលចាប់ផ្ដើមពី ៦៥ ៨៤០ដុល្លារ នៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Corvette ឆ្នាំ២០២២ បង្ហាញខ្លួនផ្លូវការ មានថែមម៉ូដែលពិសេសថ្មី

រថយន្ត Chevrolet Corvette Stingray ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ដោយមានបន្ថែមម៉ូដែលពិសេសថ្មីមួយទៀត ហៅថា IMSA GTLM Championship Edition។

សម្រាប់ស៊េរីឆ្នាំ២០២២ នេះ Chevrolet បានអាប់ដេតលើ Corvette ដោយបន្ថែមពណ៌ថ្មីចំនួន ៣ គឺ Hypersonic Gray, Caffeine និង Amplify Orange Tintcoat។ មិនតែប៉ុណ្ណោះ ម៉ាស៊ីនចំណុះ ៦,២លីត្រ naturally-aspirated V8 របស់វាក៏ត្រូវបានអាប់ដេតផងដែរ ដោយឥឡូវនេះអាចបង្កើតកម្លាំងបានដល់ ៤៩៥សេះ។

រឹតតែពិសេសទៅទៀតនោះ Chevrolet ក៏បានអាប់ដេតវាលើប្រព័ន្ធ Active Fuel Management ដែលមានន័យថា ម៉ាស៊ីនរបស់   Corvette អាចបិទដំណើរការស៊ីឡាំងបាន។

ក្រឡេកមកមើលម៉ូដែលពិសេស Chevrolet Corvette Stingray IMSA GTLM Championship Edition ឆ្នាំ២០២២ វិញ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១ ០០០គ្រឿងប៉ុណ្ណោះ។

វាត្រូវបានផលិតឡើងដោយផ្អែកលើម៉ូដែល 3LT ជាមួយកញ្ចប់ Option “Z51 Performance Package” ហើយផ្តល់ជម្រើសពណ៌លឿង Accelerate Yellow ជាមួយតែមពណ៌ប្រផេះ និង ពណ៌ប្រផេះ Hypersonic Gray ជាមួយតែមពណ៌លឿង។

ចំពោះម៉ូដែល IMSA GTLM Championship Edition នេះ នឹងត្រូវដាក់លក់ជាកញ្ចប់ Option តម្លៃ ៦ ៥៩៥ដុល្លារ ខណៈដែល Chevrolet Corvette Stingray ឆ្នាំ២០២២ មានតម្លៃចាប់ពី ៦២ ១៩៥ដុល្លារ សម្រាប់ម៉ូដែល Coupe និង ៦៩ ៦៩៥ដុល្លារ សម្រាប់ម៉ូដែលបើកដំបូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡាន Mercedes-Benz S-Class ថ្មី ធ្វើតេស្តចាក់អន្ទង់ លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

Mercedes-Benz S-Class គឺជារថយន្តដែលមានទំហំខ្លួនធំ និងធ្ងន់ ប៉ុន្តែវានៅតែអាចបត់បែនបានរហ័ស នៅពេលដែលចាំបាច់។

ថ្មីៗនេះគេហទំព័រ KM77 យករថយន្ត  S-Class ស៊េរីថ្មីទៅធ្វើតេស្តចាក់អន្ទង់ ដើម្បីចង់ដឹងពីដំណើរការ និងសមត្ថភាពរបស់វា។ ការសាកល្បងលើកដំបូងនៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង វាមិនអាចទទួលបានជោគជ័យនោះទេ។

បន្ទាប់មក KM77 បានទម្លាក់ល្បឿនរបស់វាមកត្រឹម ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រើម៉ូដបើកបរ Sport+ ដោយវាបានទម្លាក់បូម ១៧មីល្លីម៉ែត្រ អាចឲ្យ S-Class ឆ្លងផុតការធ្វើតេស្តយ៉ាងជោគជ័យ។

ក្រោយមកទៀត អ្នកបើកបរក៏បានសាកល្បងល្បឿន ៧៦ និង ៧៩គីឡូម៉ែត្រក្នុងមួយម៉ោងដែរ ប៉ុន្តែមិនទទួលបានជោគជ័យទាំងពីរលើក៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! រថយន្ត SUV ខ្នាតធំ Toyota Land Cruiser ឆ្នាំ២០២២ បង្ហាញរូបរាងជាផ្លូវការហើយ

ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្ត SUV ខ្នាតធំរបស់ខ្លួន Toyota Land Cruiser ឬហៅថា LC300 ឆ្នាំ ២០២២ ជាផ្លូវការ បន្ទាប់ពីធ្វើអោយអ្នកគាំទ្ររបស់ខ្លួនរង់ចាំ ចង់ឃើញរូបរាងច្បាស់ៗ អស់ជាច្រើនសប្តាហ៍កន្លងទៅ។

រថយន្ត LC300 មានប្រវែងសរុប ៤ ៩៩០មម, ប្រវែងទទឹង ១ ៩៨០មម និងប្រវែងពីកង់មុខដល់កង់ក្រោយ ១២ ៨៥០មម។

ដូចដែរបងប្អូនទាំងអស់គ្នាបានឃើញផ្ទាល់នៅពេលនេះ សម្រាប់រូបរាងផ្នែកខាងក្រៅនៃ Land Cruiser ឆ្នាំ២០២២នេះ បានធ្វើការផ្លាស់ប្តូររូបរាងថ្មី ដោយបំពាក់ជាមួយប៉ាណាខាងមុខ ធំជាងម៉ូឌែលមុន និងចង្កៀងផ្នែកខាងមុខ និងខាងក្រោយ ប្រភេទ LED។

រីឯផ្នែកខាងក្នុងបានទទួលបានការឌីស្សាញថ្មីកាន់តែប្រណីត បែបស្ព័រ និងទំនើបជាងមុន ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំធំ អមដោយប៊ូតុងមុខជាច្រើន ដែល Toyota និយាយថាធ្វើឡើងដើម្បីជួយផ្តល់ភាពងាយស្រួលនៅពេលបើកផ្លូវ Off-road រួមជាមប៊ូតុង Mode ដែលអាចផ្លាស់ប្តូរបាន ៨ជម្រើស។

រថយន្តនេះត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីឈ្មោះថា TNGA និងមានទម្ងន់ស្រាលជាងមុនចំនួន ២០០គីឡូក្រាម។ ក្រុមហ៊ុន Toyota បាននិយាយថា ពួកគេបានធ្វើការឌីស្សាញគ្រោងតួរខ្លួនរថយន្តឡើងវិញ ដើម្បីអោយការបើកបរផ្លូវលំបាក(Off-Road)កាន់តែប្រសើរ បន្ថែមជាមួយការបំពាក់ប្រព័ន្ធ Electronic Kinetic Dynamic Suspension(E-KDSS) ថ្មីដំបូងគេលើពិភពលោក និង Multi-Terrain Monitor ដែលបង្ហាញពីឧបសគ្គភ្លាមៗ និងជ្រើសរើសជម្រើសការបើកបរល្អបំផុតផងដែរ។

បន្ថែមពីនេះ LC300 ឆ្នាំ ២០២២ ក៏បានបំពាក់ជាមួយកញ្ចាប់សុវត្តិភាព TSS ដែលមានមុខងារជំនួយដល់ការបើកបរថ្មីគួរអោយកត់សម្គាល់ចំនួន ២គឺ Pre-collision system និងEmergency Steering and Crash avoidance។

ក្រុមហ៊ុន Toyota បានផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើសគឺ ម៉ាស៊ីនម៉ាស៊ូត ៣,៣ លីត្រ ៦ស៊ីឡាំង Twin-Turbo កម្លាំង ៣០២សេះ កម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនសាំងថ្មីចំណុះ ៣,៥ លីត្រ ៦ស៊ីឡាំង Twin-Turbo កម្លាំង ៤០៩សេះ កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ។ ដំណើការដោយប្រអប់លេខ ១០វគ្គអូតូ ដែលជួយអោយរថយន្តកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ១០ភាគរយ ប្រើប្រៀបធៀបទៅនឹង LC200 និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៦,៧វិនាទី។

សម្រាប់តម្លៃ និងជម្រើសម៉ូឌែល ក្រុមហ៊ុន Toyota នៅពុំទាន់បង្ហាញចេញនៅឡើយនោះទេ ប៉ុន្តែរថយន្តនេះនឹងចេញលក់នៅរដូវក្តៅ (ចន្លោះខែ មិថុនា ដល់ខែកញ្ញា)នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Pathfinder ឆ្នាំ២០២២ ចេញតម្លៃផ្លូវការ ចាប់ពីជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការ និងព័ត៌មានលម្អិត នៃរថយន្ត SUV ខ្នាតកណ្តាល Pathfinder ដែលគ្រោងនិងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិច ចុងខែនេះ។

រថយន្ត Nissan Pathfinder សេរ៊ីឆ្នាំ ២០២២ មាន ៤ជម្រើសម៉ូឌែល គឺម៉ូឌែលប្រភេទ S, SV SL និង Platinum។ សម្រាប់ម៉ូឌែល S បានបំពាក់ស្តង់ដាជាមួយថាសកង់ទំហំ ១៨អ៊ីញ, ចង្កៀងមុខប្រភេទ LED, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ SiriusXM, Apple Carplay និង Android Auto, កុងទ័របង្ហាញ ទំហំ ៧អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣ជួរ និងកៅអីសម្រាប់អ្នកដំណើរចំនួន ៨នាក់។ ចំណែកម៉ូឌែល SV បានបំពាក់បន្ថែមស្តង់ដានូវប្រព័ន្ធបច្ចេកវិទ្យា Nissan ProPilot Assist, កៅអីអ្នកដំណើរអាចបញ្ជាបាន, ដំបូលខាងលើពណ៌ខ្មៅ និងកៅអីខាងមុខមានមុខ ក្តៅ-ត្រជាក់។

រីឯម៉ូឌែល SL និង Platinum បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៩អ៊ីញ ភ្ជាប់មុខងារឥតខ្សែ Apple Carplay, កៅអីស្បែកប្រភេទ Uphostery និងប្រព័ន្ធផែនទី Nissan’s Door-to-Door ប្រភេទ 3D។ បន្ថែមពីនេះ ម៉ូឌែលកប់បំផុត Platinum ក៏ទទួលបានបន្ថែមនូវកុងទ័រឌីជីថល ទំហំ ១២,៣អ៊ីញ, អេក្រង់បាញ់លើកញ្ចក់ HUD, កន្លែងសាកថ្មឥខ្សែ, កៅអីចំនួន ៧ និងឧបករណ៍តន្ត្រីប្រភេទ Bose ផងដែរ។

រថយន្ត Nissan Pathfinder សេរ៊ីឆ្នាំ ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ២៨៤សេះ និងកម្លាំងរមួល ៣៥១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គអូតូ និងប្រព័ន្ធបើកបរឆ្លាតវៃ 4WD ដែលផ្តល់នូវជម្រើសបើកបររហូតដល់ចំនួន ៧ប្រភេទផងដែរ។ បន្ថែមពីនេះ សម្រាប់ប្រភេទប៉ុងពីរ ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ រថយន្តនេះស៊ីប្រេងអស់ប្រហែល ១១លីត្រ សម្រាប់ក្នុងក្រុង, ៨,៧លីត្រ សម្រាប់ផ្លូវល្បឿនលឿន និងជាមធ្យមប្រហែល ១០លីត្រ។

សម្រាប់ម៉ូឌែល S មានតម្លៃចាប់ពី ៣៣ ៤១០ដុល្លារ, SV ចាប់ពី ៣៦ ២០០ដុល្លារ, SL ចាប់ពី ៣៩ ៥៩០ដុល្លារ និង Platinum មានតម្លៃចាប់ពី ៤៦ ១៩០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្រណាស់! Ford Ranger ឆ្នាំ២០២១ បញ្ចុះតម្លៃដល់ ៥៥០០ដុល្លារ

ស្របពេលដែលក្រុមហ៊ុន Ford កំពុងតែត្រៀមខ្លួនបញ្ចេញភីកអាប់ Ranger ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ នោះ តម្លៃនៃរថយន្តនេះបច្ចុប្បន្នបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងខែនេះ ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក បានប្រកាសបញ្ចុះតម្លៃភីកអាប់ខ្នាតកណ្តាល Ranger ដល់ទៅ ៥ ៥០០ដុល្លារឯណោះ។

សូមបញ្ជាក់ថា រថយន្ត Ford Ranger ឆ្នាំ២០២១ មានតម្លៃចាប់ពី ២៥ ០៧០ដុល្លារ និងឡើងរហូតដល់ ៣៣ ១៦០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ បើដកការបញ្ចុះតម្លៃ ៥ ៥០០ដុល្លារចេញ នោះតម្លៃគោលនៃរថយន្ត Ford Ranger ឆ្នាំ២០២១ នៅសល់មិនដល់ ២០ ០០០ដុល្លារផង។

គួរឲ្យដឹងដែរថា ក្រៅពី Ford Ranger ក្រុមហ៊ុន Ford ក៏ទើបតែបានប្រកាសបញ្ចុះតម្លៃលើរថយន្តស្ព័រ Mustang របស់ខ្លួនចំនួន ៤ ០០០ដុល្លារ ខណៈសិស្សនិស្សិតអាចទទួលបានការបញ្ចុះតម្លៃថែម ១ ០០០ដុល្លារទៀត សរុប ៥ ០០០ដុល្លារឯណោះ។ ការបញ្ចុះតម្លៃនេះគឺសម្រាប់ម៉ូដែល Mustang ស៊េរីឆ្នាំ២០២០ និង ២០២១ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាំទទួលផង! ឡាន Bugatti La Voiture Noire មាន១គ្រឿងគត់លើលោក ត្រៀមខ្លួនដឹកឲ្យម្ចាស់វាហើយ!

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Bugatti បានប្រកាសចេញរថយន្ត La Voiture Noire ដែលវាមានផលិតតែ ១គ្រឿងគត់ ហើយជារថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតលើពិភពលោក។

នៅពេលនោះ វាគ្រាន់តែជាគំរូរថយន្ត ដែលប្រើម៉ូទ័រអគ្គិសនីតូចមួយ អាចបើកបរបានចម្ងាយជិតៗប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ រថយន្ត Bugatti La Voiture Noire គឺត្រៀមខ្លួនរួចរាល់សម្រាប់ដឹកឲ្យម្ចាស់វាហើយ។

La Voiture Noire ដែលមានន័យថា “រថយន្តពណ៌ខ្មៅ” (The Black Car) នៅក្នុងភាសាបារាំង ត្រូវបានបង្កើតឡើងដើម្បីគោរពដល់រថយន្ត Type 57 SC Atlantic របស់លោក Jean Bugatti។ រថយន្តនេះមានប្រវែងកង់មុខទៅកង់ក្រោយវែង, តួខ្លួនថ្មីទាំងស្រុង, កាប៊ីនខាងក្នុងពណ៌ត្នោត Havana Brown និង Carbon Fiber ជាច្រើន ប៉ុន្តែរក្សាភាសាឌីហ្សាញបែបទំនើបរបស់ Bugatti ដដែល។

ថ្វើបើវាមានផលិតតែ ១គ្រឿងក៏ពិតមែន ប៉ុន្តែវាត្រូវឆ្លងកាត់ការធ្វើតេស្តគុណភាព និងសមត្ថភាពទាំងអស់ ដូចរថយន្ត Bugatti ធម្មតាដែរ។ មិនតែប៉ុណ្ណោះ គ្រប់គ្រឿងគ្រូវរបស់វាទាំងអស់ ទាមទារឲ្យត្រូវបានស្តង់ដារគុណភាពរបស់វាទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ស្មានខុសពីតម្រូវការឡានអគ្គិសនី EV6 First Edition

រថយន្ត Kia EV6 គឺជារថយន្តម៉ូដែលថ្មីដ៏សំខាន់មួយរបស់ក្រុមហ៊ុន Kia ដែលទំនងជានឹងទទួលបានការពេញនិយមខ្លាំង ប៉ុន្តែក្រុមហ៊ុនបែរជាស្មានខុសពីតម្រូវការចំពោះរថយន្តអគ្គិសនីមួយនេះទៅវិញ។

ការកុម្ម៉ង់ទិញទុកមុនសម្រាប់រថយន្ត Kia EV6 First Edition ដើមឡើយត្រូវចាប់ផ្ដើមនៅថ្ងៃទី០៣ ខែមិថុនា ប៉ុន្តែដោយសារមានតម្រូវការខ្ពស់ពេកធ្វើឲ្យវិបសាយកុម្ម៉ង់ទិញត្រូវគាំង និងផ្អាកមួយរយៈ។ ដើម្បីធានាថាការកុម្ម៉ង់ទិញប្រព្រឹត្តិទៅដោយរលូន Kia បានដាក់ដំណើរការវិបសាយឡើងវិញកាលពីថ្ងៃទី០៨ ខែមិថុនា ដែលបានបង្កើនសមត្ថភាពក្នុងការទទួលទំហំកុម្ម៉ង់ទិញបានប្រសើរជាងមុន។

រថយន្ត Kia EV6 First Edition ជារថយន្តដែលកំណត់លក់ត្រឹម ១៥០០គ្រឿងប៉ុណ្ណោះ ហើយ Kia និយាយថានៅសល់តែប៉ុន្មានគ្រឿងទៀតប៉ុណ្ណោះដែលនៅសេសសល់សម្រាប់ការកុម្ម៉ង់ទិញក្នុងទីផ្សារអាមេរិក។

ការកុម្ម៉ង់ទិញតម្រូវឲ្យកក់ប្រាក់ ១០០ដុល្លារ ដែលប្រាក់កក់នេះអាចដកយកវិញបាន ខណៈដែលតម្លៃរបស់រថយន្ត Kia EV6 First Edition នេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+