ផ្ទាំងផ្សាយពាណិជ្ជកម្ម

មែនទែនហើយ! Audi ប្រកាសឈប់អភិវឌ្ឍន៍ម៉ាស៊ីនថ្មី

លោក Markus Duesmann ជានាយកប្រតិបត្តិរបស់ Audi បានបញ្ជាក់ទៅកាន់សារព័ត៌មានអាល្លឺម៉ង់ Automobilwoche អំពីការបញ្ចប់ការអភិវឌ្ឍន៍ម៉ាស៊ីនប្រើប្រាស់ពីស្តុង គឺទាំងម៉ាស៊ីនប្រើប្រេងសាំង និងម៉ាស៊ូត។

លោកនាយកប្រតិបត្តិរូបនេះបាននិយាយថា ៖ “ផែនការរឹតបន្តឹងលើកម្រិតបំភាយឧស្ម័នពុលនៅអាពុលគឺជាបញ្ហាប្រឈមផ្នែកបច្ចេកទេសដ៏ធំមួយ ហើយវាដោះដូរបានផលប្រយោជន៍តិចតួចបំផុតសម្រាប់បរិស្ថាន។ ដូចនេះយើងនឹងលែងអភិវឌ្ឍន៍ម៉ាស៊ីនប្រើពីស្តុងថ្មី ប៉ុន្តែនឹងបន្តកែសម្រួលម៉ាស៊ីនដែលមានដើម្បីគោរពទៅតាមច្បាប់ឧស្ម័នពុលថ្មី។”

និយាយឲ្យងាយស្រួលយល់គឺ Audi បានចាប់ផ្ដើមការបោះបង់ចោលម៉ាស៊ីនពីស្តុងចាប់ពីពេលនេះតទៅ ទោះបីជាច្បាប់ឧស្ម័នពុលថ្មីមិនទាន់អនុវត្តន៍ក៏ដោយក្ដី (ច្បាប់ Euro 7 នឹងអនុវត្តន៍ចាប់ពីឆ្នាំ ២០២៥) ដោយ Audi នឹងងាកមកអភិវឌ្ឍន៍រថយន្តប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ។

ទោះយ៉ាងណាក្ដីនៅមានទីផ្សារជាច្រើនដែលមិនទាន់មានការអភិវឌ្ឍន៍លើស្ថានីយសាកភ្លើងរថយន្ត ដូចនេះទំនងជានឹងបន្តលក់រថយន្តប្រើប្រាស់ម៉ាស៊ីនពីស្តុងជាបន្តនៅប្រទេសទាំងនោះ ក្រោយពីឈប់លក់នៅទឹកដីកំណើតរបស់ខ្លួន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG5 ស៊េរីឆ្នាំ ២០២១ ទំនងចេញលក់នៅវៀតណាមតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

រថយន្ត MG5 ស៊េរីឆ្នាំ ២០២១ កំពុងត្រៀមប្រកាសចេញលក់ជាផ្លូវការនៅប្រទេសថៃ ហើយវៀតណាមនឹងជាប្រទេសបន្ទាប់នៅអាស៊ីអាគ្នេយ៍ដែលនឹងមានដាក់លក់រថយន្ត Sedan ទាន់សម័យមួយម៉ូដែលនេះ។

ពេលដែលបង្ហាញវត្តមាននៅវៀតណាមជាផ្លូវការរថយន្ត MG5 ឆ្នាំ ២០២១ នឹងជាគូប្រជែងរបស់ Mazda3, Honda Civic និង Kia Cerato ផងដែរ។ បើផ្អែកតាមតម្លៃរបស់គូប្រកួតប្រជែង រថយន្ត MG5 ស៊េរីឆ្នាំ ២០២១ នេះអាចដាក់លក់នៅវៀតណាមជាមួយខ្ទង់តម្លៃប្រមាណ ២១ ៥០០ដុល្លារ។

រថយន្ត MG5 ជំនាន់ថ្មីបានបង្ហាញវត្តមានជាលើកដំបូងក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Beijing Auto Show កាលពីខែកញ្ញាឆ្នាំ ២០២១ កន្លងទៅនេះ។ វាមានប្រើប្រាស់រចនាបថថ្មីដែលទាន់សម័យ ទាក់ភ្នែក មានសម្រស់មិនចាញ់រថយន្តលោកខាងលិចឡើយ។

រថយន្តនេះមានជម្រើសម៉ាស៊ីនពីរប្រភេទគឺម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំងផលិតកម្លាំងបាន ១១៨សេះ និងមួយទៀតជាម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៧១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot ប្រកាសចេញ Peugeot 308 ស៊េរីឆ្នាំ ២០២១ ជាផ្លូវការ ក្រោយបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណិតមិនបានប៉ុន្មានម៉ោងផង

ក្រុមហ៊ុនផលិតរថយន្តរបស់បារាំង Peugeot បានធ្វើការប្រកាសបង្ហាញនូវរថយន្ត Peugeot 308 ស៊េរីឆ្នាំ ២០២១ ជាផ្លូវការ បន្ទាប់ពីប៉ុន្មានម៉ោងនៃការបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណិត។

រថយន្ត Peugeot 308 ស៊េរីឆ្នាំ ២០២១នេះ គឺជាជំនាន់ទី៣ នៃ Stellantis’s EMP2 ដែលទទួលបានការឌីស្សាញនិងបំពាក់ជាមួយឡូហ្គូក្បាលតោថ្មី។

សម្រាប់សេរ៊ីឆ្នាំ ២០២១នេះ វាមានប្រវែងពីកង់មុខ ទៅកង់ក្រោយវែងជាមុន ៥៥មីលីម៉ែត្រ និងមានកម្ពស់ទាបជាងមុន ២០មីលីម៉ែត្រ។ បន្ថែមពីនេះ រូបរាងផ្នែកខាងក្រៅរបស់វា បានបំពាក់ស្តង់ដាមកជាមួយចង្កៀងមុខ ប្រភេទ Matrix LED, អំពូលបំភ្លឺពេលថ្ងៃ ប្រភេទLED, ចង្កៀងក្រោយ ប្រភេទLED និងថាសកង់ទំហំ ១៦-១៨អ៊ីញ។

រីឯផ្នែកខាងក្នុងរថយន្ត Peugeot 308 ឆ្នាំ២០២១ នេះ គឺបំពាក់កុងទ័រឌីជីថលថ្មី ហៅថា i-Cockpit ទំហំ ១០អ៊ីញ ប្រភេទ 3D, កន្លែងសាកថ្មឥតខ្សែ, ឧបករណ៍បំពងសម្លងចំនួន ១០គ្រាប់ និងប្រព័ន្ធ Infotainment System ទំហំ ១០អ៊ីញ អាចភ្ជាប់ជាមួយនឹងស្មាតហ្វូន ព្រមទាំងមានមុខងារ i-Connect infotainment software package land។

បន្ថែមពីនេះ វាក៏មានបំពាក់មុខងារ Adaptive Cruise Control ជាមួយមុខងារ Stop & Go, កាមេរ៉ាមើលក្រោយ ១៨០ដឺក្រេ, កាមេរ៉ា ៣៦០ដឺក្រេ, ពោងសុវត្តិភាព, ប្រព័ន្ធហ្វ្រាំងអូតូ, មុខងារ Active Lane Departure Warning, Driver Attention Alert, Anticipated speed recommendation, Speed Sign Recognition, Active Blind Spot Monitoring, Lane Keeping Assistance, Semi-automatic lane change, Curve speed adaptation, rear cross-traffic alert, E-call+ emergency call និង ចង្កៀងមុខអូតូ។

សម្រាប់រថយន្ត Peugeot 308 ថ្មីបំពាក់ជាមួយម៉ាស៊ីន plug-in hybrid ចំនួន ២ ជម្រើសគឺ

  • ម៉ូដែល Hybrid 180 e-EAT8 បំពាក់ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៨១ kW ដែលបង្កើតកម្លាំងបាន ១៥០សេះ និង​ប្រើ​អាគុយ​ប្រភេទ lithium-ion កម្លាំង ៥៣,៦ គីឡូវ៉ាត់​ម៉ោង។
  • ម៉ូដែល Hybrid 225 e-EAT8 បំពាក់ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៨១ kW ដែលបង្កើតកម្លាំងបាន ១៨០សេះ និង​ប្រើ​អាគុយ​ប្រភេទ lithium-ion កម្លាំង ៥៣,៦ គីឡូវ៉ាត់​ម៉ោង។

បន្ថែមពីនេះ រថយន្ត Peugeot 308 ក៏ផ្តល់នូវជម្រើសម៉ាស៊ីនសាំង ១,២លីត្រ PureTech និងម៉ាស៊ីនម៉ាស៊ូត ចំណុះ ១,៥លីត្រ BlueHDi ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Toyota Highlander មកពីត្រកូល Ford បង្ហាញមុខកាន់តែច្បាស់

វាមានរយ:ពេល ៦ខែហើយ ដែលរូបថតដំបូងរបស់រថយន្ត Ford Equator សម្រាប់ទីផ្សារប្រទេសចិន ត្រូវបានបែកធ្លាយ ហើយពេលនេះវាក៏បានបង្ហាញមុខកាន់តែច្បាស់ មុនពេលចេញផ្លូវការនាខែក្រោយ។

Equator គឺជាការសហការណ៍ផលិតរវាង ក្រុមហ៊ុន Jiangling និង Ford ហើយវានឹងប្រកួតប្រជែងជាមួយក្រុមហ៊ុន Jeep Grand Commander និង Toyota Highlander។ SUV ខាងលើមានប្រវែង ៤ ៩០៥មីល្លីម៉ែត្រ ទទឹង ១ ៩៣០មីល្លីម៉ែត្រ និងកម្ពស់ ១ ៧៥៥មីល្លីម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៨៦៥មីល្លីម៉ែត្រ។

Ford Equator នឹងបំពាក់ជាមួយម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង​ ២២១សេះ និងជម្រើសប្រអប់លេខអូតូ និង លេខដៃ ៥វគ្គ ក៏ដូចជា ជម្រើសប៉ុងមួយ RWD និង ប៉ុងពីរ AWD ផងដែរ។

ដូចម៉ូឌែលនៅលើទីផ្សារប្រទេសចិនផ្សេងទៀត ដែលផលិតរវាងក្រុមហ៊ុន Jiangling និង Ford មើលទៅខុសគ្នាឆ្ងាយពី SUV របស់ Ford ដែលលក់នៅទីផ្សារផ្សេងទៀត។ តួរយ៉ាងដូចជា ផ្នែកជំហៀងខាងមុខវាបានបំពាក់ សំណុំចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ LED​​ និងចុះក្រោមបន្តិចមានរន្ធបញ្ចេញខ្យល់ និងភ្លើងហ្វា ព្រមទាំងប៉ាណាមួយផ្ទាំងធំ ពណ៌ខ្មៅនៅចំកណ្តាល។ រីឯខាងក្នុងកាប៊ីន វាបានបំពាក់ជាមួយអេក្រង់ភ្លោះទំហំរហូតដល់ ១២,៣អ៊ីញ, ប្រព័ន្ធជំនួយការបើកបរ Co-Pilot360 និងកៅអីចំនួន ៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញគំរូរាងកូនឡាន Aygo ស៊េរីឆ្នាំ ២០២២ ប្ដូរមុខមាត់ថ្មី

ក្រុមហ៊ុន Toyota បានបង្ហាញឲ្យឃើញនូវគំរូរាងនៃរថយន្ត Aygo ជំនាន់ថ្មី ដែលមានការផ្លាស់ប្ដូររចនាបថថ្មីទាំងស្រុង ដែលរថយន្តគំរូនេះត្រូវបានគេឲ្យឈ្មោះថា Aygo X Prologue Concept។

រថយន្ត Aygo X Prologue Concept បានផលិតចេញឡើងផ្ដាច់មុខដោយ Toyota ផ្ទាល់ មិនមានការចូលរួមចំណែកពីក្រុមហ៊ុន Peugeot និង Citroen ដូចមុននោះទេ ដោយសារក្រុមហ៊ុនទាំងពីរមិនមានគម្រោងការបញ្ចេញស៊េរីថ្មីនៃម៉ូដែល 108 និងម៉ូដែល C1 របស់ខ្លួននោះទេ។

រថយន្ត Aygo ជំនាន់ថ្មីនឹងផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងដូចជារថយន្ត Yaris ជំនាន់ថ្មីដែរ គឺគ្រោងឆ្អឹង GA-B ដែលគ្រោងឆ្អឹងនេះអាចប្រើប្រាស់ជាមួយម៉ាស៊ីនច្រើនប្រភេទ ហើយរថយន្ត Aygo នេះដែរនឹងបញ្ចេញលក់ជាមួយជម្រើសម៉ាស៊ីនតូចដើម្បីរក្សាឲ្យបាននូវតម្លៃធូរថ្លៃរបស់វា។

Toyota មិនបាននិយាយអំពីកាលបរិច្ឆេទប្រកាសចេញរថយន្ត Aygo ជំនាន់ថ្មីនៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងបង្ហាញវត្តមាននៅដំណាច់ឆ្នាំ ២០២១ ឬនៅឆមាសដំបូងនៃឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានរូបរាងឡាន Suzuki Jimny ខ្លួនវែង

Suzuki ត្រូវបានគេដឹងថាកំពុងតែសាកល្បងរថយន្ត Jimny ប្រភេទតួវែង ដោយគេបានប្រទះឃើញរថយន្តនេះបើកបរសាកល្បងនៅភាគខាងត្បូងនៃតំបន់អឺរ៉ុប។

ទ្វារខាងមុខនៃរថយន្តមើលទៅហាក់ដូចជាបានរក្សាទំហំនៅដូចដើម ប៉ុន្តែនៅផ្នែកខាងក្រោយមើលទៅមានប្រវែងវែងជាងមុន។ គួរចាប់អារម្មណ៍ផងដែរថារថយន្ត Jimny ដែលបើកបរសាកល្បងនេះគឺមានទ្វារចំនួនបីប៉ុណ្ណោះ និងមិនមានកៅអីអង្គុយជួរខាងក្រោយឡើយ។

ទាក់ទងនឹងរូបរាងខាងមុខនិងខាងក្រោយក៏មើលទៅមិនបានប្រែប្រួលខុសពី Jimny ប្រភេទបច្ចុប្បន្នដែរ។ សម្រាប់ផ្នែកម៉ាស៊ីនរំពឹងថានឹងបន្តប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំងដដែល ប៉ុន្តែអាចនឹងមានការអាប់ដេតមួយចំនួនដើម្បីសន្សំសំចៃប្រេង និងកាត់បន្ថយឧស្ម័នពុលដែលភាយចេញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចង់កាត់បន្ថយថ្លៃដើមអាគុយអគ្គិសនី ៥០% ដោយសង់រោងចក្រថ្មី ៦កន្លែង

ក្រុមហ៊ុន Volkswagen ចង់ធានាការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីរបស់ខ្លួន ជាមួយនឹងរោងចក្រថ្មី ចំនួន ៦ កន្លែងនៅទូទាំងអឺរ៉ុប។ កន្លែងផលិតអាគុយរថយន្តអគ្គិសនីថ្មីទាំងនោះ នឹងជួយឲ្យក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ សម្រេចបាននូវទំហំសេដ្ឋកិច្ច និងកាត់បន្ថយតម្លៃនៃផ្នែកដែលថ្លៃបំផុតរបស់រថយន្តអគ្គិសនី ទៀតផង។

ក្រុមហ៊ុន Volkswagen បានធ្វើការប្រកាសនៅក្នុងព្រឹត្តិការណ៍ “Power Day” ដែលជាការបង្ហាញនូវបច្ចេកវិទ្យានាពេលអនាគត សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។ រោងចក្រទាំងនេះនឹងផលិតអាគុយរថយន្តអគ្គិសនី ដែលប្រើបន្ទះអាគុយដែលរចនាថ្មី ហើយនឹងប្រើលើយានយន្ត ៨០ ភាគរយ របស់ក្រុមហ៊ុន Volkswagen Group នៅត្រឹមឆ្នាំ ២០៣០ ។

បន្ទះអាគុយថ្មីនេះនឹងត្រូវបានដាក់ឲ្យដំណើរការ នៅឆ្នាំ ២០២៣ ហើយនឹងត្រូវបានបង្កើនប្រសិទ្ធភាពសម្រាប់ការផលិត និងកែឆ្នៃ ឲ្យកាន់តែមានភាពងាយស្រួល។ ក្រុមហ៊ុនផលិតរថយន្តខាងលើសង្ឃឹមថា ការរចនាថ្មីនេះនឹងកាត់បន្ថយតម្លៃអាគុយសម្រាប់រថយន្ត ដល់ ៥០%។

ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Volkswagen មានប្រសាសន៍ថា “យើងមានបំណងចង់កាត់បន្ថយថ្លៃដើមនិងភាពស្មុគស្មាញនៃអាគុយ ហើយក្នុងពេលតែមួយនោះ បង្កើនចម្ងាយបើកបរ និងដំណើរការរបស់វា ផងដែរ”។

គួរបញ្ជាក់ថា អាគុយទាំងនេះនឹងត្រូវបានផលិតនៅរោងចក្រ Gigafactoriey ចំនួន ៦ នៅទូទាំងអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini ក៏នឹងឈប់ផលិតឡានប្រើប្រេងឥន្ធនៈដែរ

ស្របពេលដែលច្បាប់កាន់តែតឹងតែងសម្រាប់ក្រុមហ៊ុនផលិតរថយន្ត លើការបំភាយឧស្ម័នពុលនៅអឺរ៉ុប ក្រុមហ៊ុនជាច្រើនបានប្រកាសថា នឹងឈប់ផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងឥន្ធនៈសាំង-ម៉ាស៊ូត)។

ក្រុមហ៊ុនមួយចំនួន មានដូចជា Bentley, Ford, Jaguar និង Volvo នឹងឈប់ផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុងទាំងស្រុង នៅត្រឹមឆ្នាំ២០៣០ ហើយក្នុងនោះក៏ហាក់បីដូចជាមាន Mini ដែរ។

យោងតាមគេហទំព័រ AutoNews បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស ដែលស្ថិតក្រោមដំបូលរបស់ BMW នេះ នឹងបញ្ចេញរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ចុងក្រោយបង្អស់របស់ខ្លួន នៅក្នុងឆ្នាំ២០២៥។ បន្ថែមពីនេះ ពួកគេក៏រំពឹងថានឹងអាចលក់រថយន្តអគ្គិសនីឲ្យបានពាក់កណ្តាល នៃចំនួនលក់សរុប ត្រឹមឆ្នាំ២០២៧ ផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នក្រុមហ៊ុន Mini ក៏មានរថយន្តអគ្គិសនីផ្ទាល់ខ្លួនរួចទៅហើយដែរ គឺម៉ូដែល Cooper SE Electric ដែលមានកម្លាំង ១៨១សេះ អាចបើកបរបានចម្ងាយ ១៧៧គីឡូម៉ែត្រ ហើយមានតម្លៃចាប់ពី ២៩ ៩០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែលពិសេស Nissan Qashqai ចេញលក់នៅចក្រភពអង់គ្លេស ជាមួយតម្លៃចាប់ពី ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានធ្វើការប្រកាសពីតម្លៃផ្លូវការនៃម៉ូឌែលពិសេស Nissan Qashqai Premiere Edition  សម្រាប់ទីផ្សារចក្រភពអង់គ្លេស។

សម្រាប់ម៉ូឌែលពិសេស Nissan Qashqai ឆ្នាំ២០២១ បានបំពាក់ជាមួយនឹង roof railsថ្មី, ចង្កៀងមុខ LED Matrix, ថាសកង់អាលុយមីញ៉ូម ទំហំ ១៨អ៊ីញនឹងបំពាក់បច្ចេកវិទ្យា ProPILOT Assist ផងដែរ។

បន្ថែមពីនេះក៏បំពាក់កុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង wireless Apple CarPlay ព្រមទាំងកុងទ័របាញ់លើកញ្ចក់ ១០,៨អ៊ីញថែមទៀតផង។

ម៉ូឌែលពិសេស Nissan Qashqai ផ្តល់ជម្រើសម៉ាស៊ីន mild-hybrid ចំនួន២ ចំណុះ ១,៣លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៨សេះ និង ១៥៦សេះ ហើយអតិថិជនអាចជ្រើសយកប្រអប់លេខដៃ ៦វគ្គ ឬលេខអូតូ Xtronic CVT។

សម្រាប់តម្លៃនៃម៉ូដែលពិសេសនេះ វាមានតម្លៃចាប់ពី ៤០ ៧១៨ដុល្លារ សម្រាប់ប្រភេទដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងមានតម្លៃចាប់ពី ៤៤ ២២៣ដុល្លារសម្រាប់ប្រភេទដំណើរការដោយប្រអប់លេខអូតូ Xtronic CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះហើយរូបរាងឡានអគ្គិសនីថ្មីចុងក្រោយរបស់ Kia

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Kia បានបង្ហាញចេញជាផ្លូវការនូវរូបរាងរថយន្ត SUV ថ្មីចុងក្រោយរបស់ខ្លួន ដែលមានរចនាបថបែបអនាគត ជាគូប្រជែងរបស់ Volkswagen ID4 និង Nissan Ariya ពេលដែលវាចេញលក់លើទីផ្សារនៅចុងឆ្នាំ ២០២១។

ត្បិតថាបានបង្ហាញរូបរាងទាំងស្រុង ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងក៏ដោយក្ដី ប៉ុន្តែ Kia នៅមិនទាន់បាននិយាយអំពីចំណុះអាគុយ និងសមត្ថភាពរបស់រថយន្ត Kia EV6 របស់ខ្លួននៅឡើយទេ។ យ៉ាងណាក្ដីគេរំពឹងថាវានឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត Hyundai Ioniq 5 ដែលទើបបង្ហាញវត្តមានកាលពីថ្មីកន្លងទៅនេះ។

ប្រសិនបើដូច្នោះមែន EV6 អាចនឹងមានជម្រើសអាគុយទំហំ ៥៨ ឬ ៧២,៦គីឡូវ៉ាត់ម៉ោង ជាមួយជម្រើសម៉ូទ័រអគ្គិសនី១ ឬភ្លោះ។ រថយន្ត Ioniq 5 មានការអះអាងថាអាចបើកបរបានចម្ងាយដល់ ៤៦៦គីឡូម៉ែត្រពេលសាកភ្លើងពេញ ហើយទ្រាំទ្រការសាកភ្លើងកម្លាំង ៣៥០គីឡូវ៉ាត់ទៀតផង។

ដោយឡែកចំពោះតម្លៃដាក់លក់ក៏គេនៅមិនទាន់បានដឹងចេញពីក្រុមហ៊ុន Kia នៅឡើយដែរ ប៉ុន្តែតម្លៃរបស់វាទំនងជាថ្លៃជាងរថយន្ត Kia e-Niro៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+