ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន Toyota Mirai ចាក់អ៊ីដ្រូហ្សែនមួយពេញ ជិះបាន ៨៥០គ.ម៉

Toyota Mirai ស៊េរីឆ្នាំ២០២១ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែធ្នូខាងមុខ ប៉ុន្តែឥឡូវនេះស្រាប់តែមានវីដេអូ Review ចេញមកបាត់ទៅហើយ ដែលវីដេអូនោះត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុន។

វីដេអូនោះបានបង្ហាញអំពីរូបរាងលម្អិតនៃរថយន្តប្រើអ៊ីដ្រូហ្សែន និងបង្ហាញអំពីចំណុចពិសេសៗមួយចំនួនផងដែរ។

តាមរយៈវីដេអូខាងលើ រថយន្ត Mirai ឆ្នាំ២០២១ នឹងមានធុងផ្ទុកអ៊ីដ្រូហ្សែនចំនួន ៣ ដែលអនុញ្ញាតឲ្យវាបើកបរបានចម្ងាយ ៨៥០គីឡូម៉ែត្រ ពេលចាក់មួយពេញ។ តួលេខនេះបានកើនឡើងប្រហែល ៣០% បើធៀបនឹងរថយន្ត Mirai ជំនាន់មុន ស្របពេលដែលស្ថានីយ៍ចាក់បំពេញអ៊ីដ្រូហ្សែនក៏កាន់តែកើនឡើងដែរ។

ក្រៅពីអាចបើកបរបានចម្ងាយឆ្ងាយជាងមុន Mirai ជំនាន់ទី២ នេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយខ្លាំងជាងមុន ដែលបង្កើតកម្លាំងបានសរុប ១៨០សេះ ហើយអាចរត់ដល់ល្បឿនអតិបរមា ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាប្រើប្រាស់ប្រព័ន្ធប៉ុងមួយវិលកង់ក្រោយ និងប្រើគ្រោងឆ្អឹងដូចទៅនឹងរថយន្ត Toyota Crown និង Lexus LS ដែរ។

យ៉ាងណាមិញ ចំពោះព័ត៌មានលម្អិតបន្ថែមទៀតពាក់ព័ន្ធនឹងរថយន្ត Toyota Mirai ស៊េរីឆ្នាំ២០២១ នេះ នឹងត្រូវបង្ហាញពេលប្រកាសចេញជាផ្លូវការតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown ឆ្នាំ ២០២១ មិនប្ដូររាង ប៉ុន្តែទំនើបជាងមុន

Toyota បាន​បង្ហាញ​ចេញ​រថយន្ត​​ម៉ូដែល Crown ជំនាន់​ថ្មី​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​កែ​សម្រួល​​បន្ថែម​ទៀត​សម្រាប់​ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​ចេញ​លក់​នៅ​ទូទាំង​ប្រទេស​ជប៉ុន។

រូប​រាង​ខាង​ក្រៅ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ គ្រាន់តែ​បន្ថែម​ជម្រើស​ពណ៌​ថ្មី​មួយ​ចំនួន។ ចូល​ទៅ​ផ្នែក​ខាង​ក្នុង​គេ​ឃើញ​​មាន​ Center Console ដែល​ឌីហ្សាញ​ថ្មី និង​រន្ធ​​បាញ់​ខ្យល់​នៅ​ចំ​កណ្ដាល​ដែល​ប្ដូរ​ទីតាំង​ខុស​ពី​មុន​ផង​ដែរ។

នៅ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ ១២,៣អ៊ីញ ដែល​មាន​ភ្ជាប់​មក​ជា​មួយ​សមត្ថភាព​ត​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន និង​មុខងារ​ពិសេស​ដទៃ​ទៀត។ ការ​បញ្ជា​ HVAC បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជា​ថ្មី ដែល​ងាយ​បញ្ជា​ជាង​មុន​អំឡុង​ពេល​បើកបរ។ រថយន្ត Sedan ​កម្រិត Premium​ នេះ​ក៏​មាន​​បំពាក់​នូវ​បច្ចេកវិទ្យា Toyota Safety Sense ជំនាន់​ចុង​ក្រោយ​ផង​ដែរ។

ដូច​បាន​រំលឹក​ពី​ខាង​ដើម រថយន្ត Toyota Crown ឆ្នាំ ២០២១ មាន​ចេញ​លក់​នៅ​ប្រទេស​ជប៉ុន​ហើយ ដោយ​មាន​តម្លៃ​ចន្លោះ​ពី​ប្រមាណ ៤៦ ៧៦២​ដុល្លារ ទៅ ៧០ ៥៦៧​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នឹងបង្ហាញចេញឡានអគ្គិសនីថ្មីនៅសប្ដាហ៍ក្រោយ

រូបរាង​រថយន្ត BMW iNext ត្រូវ​បាន​គេ​លួច​ថត​បាន​ជា​ញឹកញាប់​នៅ​ពេល​វា​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ ហើយ​ពេល​នេះ BMW បាន​ប្រាប់​ឲ្យ​ដឹង​ថា​រថយន្ត​ SUV អគ្គិសនី​ថ្មី​នេះ នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

រូបភាព​ដែល​គេ​លួច​ថត​នា​ពេល​កន្លង​មក បាន​បង្ហាញ​រថយន្ត​ iNext គឺ​មាន​ប្រើ​ប្រាស់​រចនាបថ​​ផ្ទាំង​ប៉ាណា​ខាង​មុខ​ដូច​គ្នា​នឹង​នៅ​លើ​រថយន្ត 4-Series ស៊េរី​ថ្មី​អ៊ីចឹង​ដែរ។ ក្រៅ​ពី​រថយន្ត​ iNext នេះ​ដែរ BMW នឹង​បង្ហាញ​ចេញ​នូវ​ផលិតផល​ថ្មី​ចំនួន​ពីរ​ទៀត ដែល​​មិន​ទាន់​ដឹង​​ច្បាស់​នៅ​ឡើយ​ថា​ជា​ផលិតផល​អ្វី។

រូបភាព Render

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BMW Blog បាន​ឲ្យ​ដឹង​ថា​​រថយន្ត​ iNext នឹង​អាច​បើកបរ​បាន​រយៈ​ចម្ងាយ​ចន្លោះ​ពី ៦០០គ.ម ទៅ ៦២០​គ.ម សម្រាប់​ការ​សាក​បំពេញ​ម្ដង​ៗ។ ចម្ងាយ​នេះ​គឺ​តិច​ជាង​ការ​រំពឹង​ទុក​ពី​មុន ប៉ុន្តែ​វា​នៅ​​បាន​ឆ្ងាយ​ជាង​​រថយន្ត​ Tesla Model X Long Range Plus៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ចេញឡាន RC ប្រភេទពិសេសមួយហៅថា “Emotional Ash” នៅស្រុកកំណើតខ្លួន

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្តស្ព័រ RC ប្រភេទពិសេសថ្មីមួយហៅថា “Emotional Ash” សម្រាប់ទីផ្សារប្រទេសជប៉ុន ដោយក្នុងនោះបានធ្វើការអាប់ដេតមួយចំនួនលើរូបរាងរបស់វា សម្រាប់ម៉ូដែល RC350, RC300h និង RC300 F Sport។

ផ្នែកខាងក្រៅ រថយន្តប្រភេទពិសេសនេះមានបំពាក់ប៉ាណាមុខពណ៌ខ្មៅ Brilliant Black និង ស៊ុមប៉ាណាមុខខ្មៅ Jet Black។ ជាមួយគ្នានេះដែរ វាក៏បំពាក់យ៉ាន់ Alloy ទំហំ១៩អ៊ីញពណ៌ខ្មៅរលោង ក៏ដូចជា គម្របកញ្ចក់ពណ៌ខ្មៅរលោង Glossy Black ផងដែរ។

អ្វីដែលរឹតតែពិសេសនោះគឺ រថយន្ត Lexus RC ប្រភេទ Emotional Ash នឹងបំពាក់ចង្កៀងមុខ ប្រភេទ Trinocular Full-LED មកស្តង់ដារតែម្តង។

ក្រឡេកទៅមើលកាប៊ីនខាងក្នុងវិញ Emotional Ash ផ្តល់នូវកៅអីស្បែក Leather Sports Seats សម្រាប់ម៉ូដែល F Sport រំលេចដោយថ្នេរដេរពណ៌ទឹកប្រាក់ ព្រមទាំងដៃចង្កូតស្បែកទៀតផង។ ក្រៅពីនេះ វាបានបំពាក់ឈើនៅលើតាប្លូ, ដៃទ្វារ និងដៃចង្កូតផងដែរ។

គួរឲ្យដឹងថា រថយន្ត Lexus RC ប្រភេទ Emotional Ash ថ្មីនេះនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦ ៤៦៩ ០០០យ៉េន (៦១ ៩៥០ដុល្លារ) សម្រាប់ម៉ូដែល Lexus RC300 ប្រើម៉ាស៊ីន ៤ស៊ីឡាំង, ៦ ៩១៧ ០០០យ៉េន (៦៦ ២៥០ដុល្លារ) សម្រាប់ម៉ូដែល RC300h ប្រើម៉ាស៊ីន Hybrid និងចុងក្រោយបង្អស់ ៧ ៤៧៧ ០០០យ៉េន (៧១ ៦១៥ដុល្លារ) សម្រាប់ម៉ូដែល RC350 ប្រើម៉ាស៊ីន ៤ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហានិភ័យ! ឡាន Kia Picanto ធ្វើតេស្តបុកបានចំណាត់ថ្នាក់អាក្រក់បំផុត

អ្នកវាយតម្លៃសុវត្ថិភាពរថយន្ត Latin NCAP បានឲ្យក្រុមហ៊ុន Kia ធ្វើការអាប់ដេតលើផ្នែកសុវត្ថិភាពនៃរថយន្ត Picanto (ឬហៅថា Morning) ដែលពួកគេកំពុងដាក់លក់នៅលើទីផ្សារអាមេរិកខាងត្បូង បន្ទាប់ពីវាទទួលបានលទ្ធផល “ផ្កាយ០” ក្នុងការធ្វើតេស្តបុរសចុងក្រោយបង្អស់មួយ។

ឆ្លងកាត់ការធ្វើតេស្តបុកខាងមុខ, តេស្តបុកចំហៀង, តេស្តកន្ត្រាក់កៅអី និង តេស្តការពារអ្នកដំណើរថ្មើរជើង រថយន្តដែលឌីហ្សាញឡើងសម្រាប់បើកបរក្នុងក្រុងនេះ ទទួលបានពិន្ទុ០ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ពិន្ទុ២៩ សម្រាប់ការការពារអ្នកដំណើរវ័យក្មេង និង ពិន្ទុ៥១ សម្រាប់ការការពារអ្នកដំណើរថ្មើរជើង ហើយបានពិន្ទុត្រឹមតែ ៧ប៉ុណ្ណោះ សម្រាប់មុខងារជំនួយសុវត្ថិភាព (Safety Assist)។

គួរឲ្យដឹងថា រថយន្ត Kia Picanto នេះមានបំពាក់ពោងសុវត្ថិភាពតែ ១គ្រាប់ប៉ុណ្ណោះមកស្តង់ដារ ប៉ុន្តែទោះបីជាបានបំពាក់ពោងសុវត្ថិភាពសម្រាប់អ្នកដំណើរ ក៏លទ្ធផលនៅតែបែបនេះដែរ។ នេះបើយោងតាមការអះអាងរបស់ Latin NCAP។

មិនតែប៉ុណ្ណោះ មុខងារ ABS និង ESC មិនត្រូវបានបំពាក់មកស្តង់ដារឡើយ ដោយពោងសុវត្ថិភាពការពារផ្នែកចំហៀង និងក្បាល ក៏គ្មានដាក់ឲ្យទិញជា Option បន្ថែមដែរ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Kia Picanto សម្រាប់ទីផ្សារអឺរ៉ុប មានបំពាក់ពោងសុវត្ថិភាពដល់ ៦គ្រាប់, មុខងារការពារអ្នកដំណើរថ្មើរជើង និង មុខងារទប់លំនឹង ESC មកស្តង់ដារតែម្តង៕

 

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

(REVIEW+) រថយន្ត Ford ម៉ូឌែល ២០២១ មួយនេះពិតជាទំនើបខ្លាំងនឹងមានវត្តមាននៅកម្ពុជាឆាប់ៗនេះ…

(REVIEW+)៖ ថ្ងៃនេះ ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអោយបានដឹងពីរថយន្តលក្ខណៈគ្រួសារដ៏ទំនើបមួយ ដែលខ្ញុំបានឃើញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Ford Cambodia។ ក្នុងនោះក្រុមហ៊ុនបានធ្វើការប្រកាសនៅរថយន្តស៊េរីថ្មី ២០២១របស់ខ្លួន ម៉ូឌែល The All-New FORD TERRITORY ដើម្បីអោយអតិថិជនធ្វើការកក់ទុកជាមុន ជាមួយតម្លៃពិសេស ៤៩ ៩០០ ដុល្លារ។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនសាំង ១,៥លីត្រ Ecoboost កម្លាំង ១៤៣ps (ប្រហែល ១៤០ សេះ) កម្លាំងរមួល ២២៥ញូតុនម៉ែត្រ ប្រើប្រាស់ ៤ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។

ផ្នែកខាងមុខរចនាយ៉ាងទាក់ទាញ រំលេចដោយប៉ាណាបែបស្ព័រ អមដោយចង្កៀងមុខ LED មានមុខងារបិទ/បើកដោយស្វ័យប្រវត្តិ ផ្តល់នៅពន្លឺយ៉ាងច្បាស់ល្អ និងចង្កៀងក្រោយជាប្រភេទLED រាងឆ្នូតទាន់សម័យ។ កាន់តែពិសេសជាមួយ សេនស័រជំនួយចូលចតមុខ ក្រោយ មានចំនួនរហូតដល់ទៅ ១២គ្រាប់ ចឹងវាផ្តល់នូវសុវត្ថិភាពយ៉ាងខ្ពស់សម្រាប់អ្នកទាំងអស់គ្នា។

បន្ថែមនៅការចាប់អារម្មណ៌ និងភាពទំនើបនៃរថយន្តនេះ ផ្នែកខាងក្នុងរបស់វាបំពាក់មកនូវ កុងទ័រប្រភេទឌីជីថល ទំហំ១០អុីញ ផ្តល់នូវពណ៌ត្រជាក់ភ្នែក បង្ហាញព័ត៌មានយ៉ាងសំបូរបែប។ ប្រព័ន្ធកំសាន្ត Touch Screen ទំហំ ១០អុីញ ភ្ជាប់ជាមួយមុខងារ Apple CarPlay / Android Auto អមដោយឧបករណ៌បំពងសម្លេង ៦ចំណុច ផ្តល់សម្លេងកាន់តែពិរោះរណ្តំ និងរីករាយរាល់ដំណើរកំសាន្ត។ ចង់ស្រូបយកខ្យល់អាកាស ឬបរិកាសដ៏បរិសុទ្ធយើងក៏អាចធ្វើការបើកដំបូលខាងលើបានយ៉ាងធំ ដែលជាប្រភេទ Panoramic Moonroof ។

បើនិយាយពីមុខងារបច្ចេកវិទ្យាសំខាន់ៗវិញ សឹងតែមិនបាច់និយាយទេដែលមានដូចជា៖

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធកំណត់ល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (ចូលចតបែបអក្សរP និងបែបអក្សរT)
  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងសងខាងរថយន្ត
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិលនិង បញ្ជៀសការក្រឡាប់
  • ប្រព័ន្ធទប់រថយន្តកុំអោយរអិលថយក្រោយពេលឡើងចំណោត
  • ប្រព័ន្ធវាស់សម្ពាធកង់
  • កាមេរ៉ាសុវត្ថិភាព360 អាចមើលបានជុំវិញរថយន្ត
  • ប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging)
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក
  • ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ

អ្វីដែលខ្ញុំចាប់អារម្មណ៌ក្រុមហ៊ុន Ford Cambodia ជាងគេក្រៅតែពីបច្ចេកវិទ្យាទំនើប និងគុណភាពហើយនោះគឺក្រុមហ៊ុនមានផ្តល់ជូន សេវាថែទាំឥតគិតថ្លៃពីក្រុមហ៊ុន ១ ឆ្នាំ ឬ ២០ ០០០ គ.ម៉ ហើយការធានាមានដូចក្រុមហ៊ុនដ៏ទៃដែរគឺ ៣ឆ្នាំ ឬ ១០ម៉ឺន គ.ម៉។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងផ្នែកលក់ ០៧៨ ៣៣៣ ៧៤៨ | ០១៦ ៣៣៣ ៧៨៥។

ជាចុងក្រោយ ប្រសិនបើមានឱកាស ក្រុមការងាររបស់ខេមបូអូតូ នឹងធ្វើបទបង្ហាញជាលក្ខណៈវីដេអូ សម្រាប់អ្នកទាំងអស់គ្នាជាពិសេសតែម្តង។ ខ្ញុំ រក្សា ពីអត្ថបទ REVIEW+ សូមអរគុណ និងជម្រាបលា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford បានប្រកាសធ្វើកំណែទម្រង់ និងតែងតាំងអ្នកដឹកនាំថ្មី

  • លោក Jim Farley​​ បានបង្ហាញពីការកំណត់គោលដៅ និងការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន បន្ទាប់ពីគាត់បានក្លាយជានាយកគ្រប់គ្រងទី ១១ ក្នុងប្រវត្តិសាស្ត្រ ១១៧ ឆ្នាំរបស់ក្រុមហ៊ុន។
  • ផែនការគឺដើម្បីផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង បែងចែកទុនសម្រាប់អ្នកទិញសិទ្ធិលក់រថយន្ត Ford និងសម្រាប់ឱកាសរីកចម្រើនខ្ពស់ បង្កើតរថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំង ជាពិសេសជាលក្ខណះទ្រង់ទ្រាយធំ និងចាប់ផ្តើមអនុវត្តន៍គោលការណ៍អាជីវកម្ម AV ថ្មី។
  • គោលបំណងរួមមានការរីកចម្រើនផ្នែកខាងលើ ពង្រឹងប្រព័ន្ធគ្រប់គ្រង បង្កើនគុណភាពខ្ពស់ និងសេចក្តីពេញចិត្តជូនដល់អតិថិជន កម្រិត EBIT ៨% ចរន្តសាច់ប្រាក់រឹងមាំ
  • ស្ថាប័នថ្មីនឹងនាំមកនូវការសម្រេចចិត្ត និងគណនេយ្យភាពខ្ពស់  ដែលត្រូវបានជួយសម្រួលដោយបច្ចេកវិទ្យានានាទូទាំងពិភពលោក។
  • លោក John Lawler ត្រូវបានតែងតាំងជានាយកផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (CFO)​ ដោយក្រុមហ៊ុនគ្រោងនឹងបន្ថែម នាយកផ្នែកគ្រប់គ្រងព័ត៍មាន (CIO) និង នាយកផ្នែកគ្រប់គ្រងទីផ្សារ (CMO) ថ្មីទៅក្នុងក្រុមថ្នាក់ដឹកនាំ

ឌូបៃ, ប្រទេសអារ៉ាប់រួម ថ្ងៃទី ០៤​ ខែតុលា​ ឆ្នាំ២០២០​ – ក្រុមហ៊ុន Ford នៅតែបន្តពង្រឹង និងឆ្ពោះទៅកាន់ទិសដៅនានាទូទាំងពិភពលោក, ការផ្លាស់ប្តូរមួយចំនួនគឺដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ និងផលចំណេញជូនអតិថិជន។

លោក Jim Farley បានជំនួសតួនាទីលោក​ Jim Hackett ដែលជាអគ្គនាយកនៃក្រុមហ៊ុន Ford បានដាក់បង្ហាញនូវគោលដៅ និងការផ្លាស់ប្តូរក្នុងស្ថាប័នក្នុងពេលប្រជុំនៅ​ Town Hall ជាមួយនឹងក្រុមការងារទូទាំងពិភពលោកតាមប្រព័ន្ធអ៊ីនធើណែត។ លោក Farley បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford គ្រោងនឹងធ្វើដំណើរជាបន្ទាន់ដើម្បីកែប្រែនូវសង្វាក់ផលិតកម្មយានយន្តរបស់ខ្លួន ពោលគឺដើម្បីពង្រឹងគុណភាព កាត់បន្ថយចំណាយ និងសម្រេចអោយបាននូវគោលដៅដែលបានគ្រោងទុក។

លោក Jim Farley អគ្គនាយកថ្មីនៃក្រុមហ៊ុន Ford

ជាមួយគ្នានេះដែរក្រុមហ៊ុន Ford នឹងធ្វើការអភិវឌ្ឃន៍ទៅលើផ្នែកមួយចំនួនដូចជា៖

  • ការបែងចែកធនធាន ធនធានមនុស្ស និងសមត្ថភាពដើម្បីជួយអោយក្រុមហ៊ុននេះទទួលបានជោគជ័យ និងភាពល្បីល្បាញនៃម៉ាកយីហោ
  • ពង្រីកទីផ្សាររថយន្តសម្រាប់អាជីវកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលអាចអោយការបើកបរបានយ៉ាងរលូន និងកាត់បន្ថយការចំណាយ
  • ផ្តល់ជូននូវរថយន្តអគ្គិសនីទៅកាន់ពិភពលោកដែលរួមមានម៉ូឌែល៖ Transit, F-Series, Mustand, SUVs និងLincoln
  • បង្កើតបន្ថែមនូវយានយន្តដែលមានតម្លៃសមរម្យទៅកាន់ទីផ្សារពិភពលោកដែលក្នុងនោះមានប្រទេស អាហ្រ្វិកខាងជើងផងដែរ
  • ផ្តល់ជូននូវប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិលំដាប់ពិភពលោករបស់ Argo Al

លោក Farley បានមានប្រសាសន៍ថា៖ “ក្នុងកំឡុងពេល​ ៣ឆ្នាំចុងក្រោយនេះ ដោយក្រោមការគ្រប់គ្រងរបស់លោក Jim Hackett យើងទទួលបានភាពជោគជ័យដ៏មានន័យ និង​បានក្លាយជាក្រុមហ៊ុនមួយយ៉ាងសកម្ម និងរីកចម្រើន។”

“ឥឡូវនេះគឺជាពេលដែលត្រូវធ្វើតាមគោលការណ៍នេះហើយ។”

“យើងនឹងប្រកួតប្រជែងដូចជាការប្រកួត បែងចែកធនធានដើម្បីទៅរកភាពរីកចម្រើន និងស្វែងរកឱកាសជោគជ័យ និងកើនចំនួនអតិថិជនតាមរយៈផលិតផល និងបទពិសោធន៍ល្អៗ។”

ក្រុមហ៊ុន Ford កំពុងធ្វើកំណែទម្រង់ដើម្បីពង្រឹងអោយបាននូវកិច្ចការចាំបាច់មួយចំនួន៖

  • ផ្តោតលើការសម្រេចចិត្ត និងគណនេយ្យភាពពាក់ព័ន្ធនឹងផលិតផល និងក្រុមអតិថិជននៅក្នុងតំបន់ ៣ផ្សេងគ្នាដូចជា ទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន។
  • បង្កើនការអភិវឌ្ឍន៍ដើម្បីក្លាយជាអ្នកដឹកនាំនៅក្នុងមុខជំនួញថ្មីដូចជាក្នុងវិស័យយានយន្ត និងគ្រឿងយន្ត
  • លើកកម្ពស់ភាពជំនាញក្នុងវិស័យឧស្សាហកម្មដើម្បីអភិវឌ្ឍន៍ផ្នែកយានយន្តនេះទៅកាន់ពិភពលោកអោយបានស្គាល់
  • បច្ចេកវិទ្យា និងកម្មវិធីមួយចំនួនបានធ្វើ Ford លើសពីដៃគូប្រកួតប្រជែង
  • ប្រកាន់ខ្ជាប់ និងលើកតម្កើនអោយមានភាពខុសគ្នានៃជីវះប្រវត្តិ បទពិសោធន៍ និងទេពកោសល្យផ្សេងៗគ្នាទូទាំងក្រុមហ៊ុន។

លោក Farley បានបន្តមានប្រសាសន៍ថា៖ “ ក្រុមហ៊ុនបានកំណត់ទិសដៅក្នុងការបំពេញប្រតិបត្តិការជាប់លាប់ ដែលរួមមានពន្ធ ៨% នៃប្រាក់ចំណូល ជាមួយនឹងចរន្តសាច់ប្រាក់រឹងមាំ ដើម្បីអោយក្រុមហ៊ុនអាចវិនិយោគពេញលេញជាមួយនឹងអតិថិជន​ និងបន្តការរីកចម្រើន។

ជាមួយគ្នានេះផងដែរក្រុមហ៊ុន Ford ក៏បានប្រកាសតែងតំាងអ្នកដឹកនាំថ្មីជាច្រើនរូបផងដែរ៖

លោក John Lawler អាយុ ៥៤ឆ្នាំ ត្រូវបានតែងតំាងជានាយកផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (CFO) គ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ និងឥណទាននៃក្រុមហ៊ុន Ford ។ លោក Lawler នឹងមកជំនួសតំណែងលោក Tim Stone ដែលបានទទួលយកតួនាទីជានាយកគ្រប់គ្រងប្រតិបត្តិការ និងនាយកគ្រប់គ្រងហិរញ្ញវត្ថុ នៅ ASAPP Inc ដែលជាក្រុមហ៊ុន Software មួយ។ Stone នឹងបន្តនៅជាមួយក្រុមហ៊ុន Ford រហូតដល់ថ្ងៃទី​ ១៥​ តុលា ដើម្បីធានាបានការផ្លាស់ប្តូរដ៏រលូន។

លោក Lawler ចុងក្រោយនេះបានធ្វើជា អគ្គនាយក(CEO) នៃ ក្រុមហ៊ុន Ford Autonomous Vehicles ហើយជានាយករង Mobility Partnerships ហើយបានចំនាយពេល ៣០ ឆ្នាំនៅ ក្រុមហ៊ុន Ford ក្នុងការដឹកនាំផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងទូទៅ។ គាត់ធ្លាប់ធ្វើជាប្រធាន Ford China ជិតបួនឆ្នាំ នៅពេលដែលក្រុមហ៊ុនទទួលបានកំណត់ត្រាលទ្ធផលប្រចាំប្រទេស​។ គាត់ក៏ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងសាជីវកម្ម និង នាយកផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (CFO) ស្ថាប័នទីផ្សារសាកល និងជាប្រធានផ្នែកយុទ្ធសាស្ត្រ​សាកលលោកផងដែរ។

លោក Farley បានមានប្រសាសន៍ថា៖ «លោក John ដឹងពីក្រុមហ៊ុនរបស់យើងទាំងក្នុងទាំងក្រៅ មានគំនិតច្បាស់លាស់ និងមហិច្ចតាខ្ពស់ទៅលើអ្វីដែល Ford អាចធ្វើបាន ហើយរៀបចំអ្វីៗដែលចាំបាច់ដើម្បីទៅដល់គោលដៅនោះ»។ «ក្នុងនាមជា នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ (CFO) គាត់នឹងជួយធានាថាពួកយើងមានអ្វីៗគ្រប់យ៉ាងគ្រប់គ្រាន់ដើម្បីសម្រេចនូវគោលដៅទាំងអស់នោះ។»

លោក Lawler ពិតជាជោគជ័យក្នុងតំណែងតួនាទីបច្ចុប្បន្នរបស់គាត់ ដែលនឹងត្រូវមើលការខុសត្រូវលើមុខជំនួញថ្មីៗរបស់ក្រុមហ៊ុន។

លោក​ Farley បានបន្តមានប្រសាសន៍ថា «លោក Tim បានក្លាយជាសម្លេងដ៏មានឥទ្ធិពលនៅក្នុងក្រុមហ៊ុន ដោយធ្វើអោយពួកយើងទាំងអស់គ្នាផ្តោតចំបងលើអតិថិជន និងតម្រូវការរបស់ពួកគាត់»។ «គាត់ក៏បានដើរតួក្នុងថ្នាក់ដឹកនាំយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមហ៊ុនអោយឆ្លងកាត់ដំណាក់កាលនៃវិបត្តិ COVID-19។ ពួកយើងអរគុណ Tim សម្រាប់ការលះបង់ និងជូនពរគាត់សម្រាប់ថ្ងៃអនាគត។»

លោក Jeff Lemmer នាយកគ្រប់គ្រងផ្នែកព័ត៌មាននៃក្រុមហ៊ុន Ford នឹងចូលនិវត្តន៍នៅថ្ងៃ១ មករា បន្ទាប់ពីលោកបាន​នៅជាមួយក្រុមហ៊ុន​អស់រយះពេល ៣៣ឆ្នាំ។ អ្នកបន្តវេនពី លោក Lemmer ជា នាយកគ្រប់គ្រងផ្នែកព័ត៌មាន (CIO) ដែលនឹងត្រូវដឹកនាំផ្នែកបច្ចេកវិទ្យា និងព័ត៍មាននឹងត្រូវប្រកាសនៅពេលខាងមុខឆាប់ៗនេះ។

លោក Farley បានបន្តមានប្រសាសន៍ថា «លោក Jeff គឺជាអ្នកដឹកនាំដ៏មានសមត្ថភាព ហើយពិសេសនៅឆ្នាំនេះ ដែលគាត់និងក្រុម IT បានរក្សាក្រុមហ៊ុនយើងអោយនៅតែបន្តតភ្ជាប់គ្នា និងរក្សាប្រតិបត្តិការអំឡុងពេលនៃវិបត្តិ COVID-19 ដែលរីករាលដាលជុំវិញពិភពលោក»។ «ក្នុងពេលតែមួយយប់ក្រុមហ៊ុន Ford បានផ្លាស់ប្តូរមនុស្សជាង ១០០,០០០ នាក់ជុំវិញពិភពលោកអោយធ្វើការពីផ្ទះ ដោយសារ COVID-19 ហើយប្រព័ន្ធព័ត៌មានរបស់យើងមិនមានការរអាក់រអួលសូម្បីតែបន្តិច។»

ក្រុមហ៊ុន Ford កំពុងកំណត់ទិសដៅ ២ចំណុចនោះគឺ ការបែងចែកអ្នកដឹកនាំជាន់ខ្ពស់ផ្សេងគ្នា ពោលគឺ អ្នកដឹកនំាក្រុមហ៊ុន Lincoln Motor Company និង Global Marketing។

លោកស្រី Joy Falotico អាយុ ៥៣ ឆ្នាំ ដែលជានាយកនៃក្រុមហ៊ុន Lincoln និងនាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Ford អស់រយៈ​ពេលជិតបីឆ្នាំ នឹងត្រូវផ្តោតតែលើការពង្រឹងភាពរីកចម្រើននៃម៉ាកសញ្ញាផលិតផលប្រណីតរបស់ Ford ខណៈពេលនាយកទីផ្សារថ្មីនឹងត្រូវកំណត់ក្នុងពេលឆាប់ៗ។

លោក Galhotra បានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតអោយ Joy បន្តផ្តោតលើការបង្កើនល្បឿនអភិវឌ្ឍន៍ការរីកចម្រើននៃយានយន្ត និងសេវាកម្មដ៏ល្អរបស់ Lincoln ក៏ដូចជាបទពិសោធន៍អតិថិជនដ៏ប្រសើរ»។ «ខ្សែផលិតកម្មថ្មីស្រឡាងរបស់ Lincoln នឹងដក់ជាប់ជាមួយនឹងអតិថិជននៅសហរដ្ឋអាមេរិច ក៏ដូចជានៅចិន ដែលយើងកំពុងផលិត Lincoln Aviator និង Corsair នៅទីនោះ សម្រាប់អតិថិជនចិន – ហើយនេះគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។«

នៅអឺរ៉ុប លោក Dale Wishnousky អាយុ ៥៧ ឆ្នាំ ជានាយករងផ្នែកផលិតកម្មនៃ Ford នៅអឺរ៉ុប ក៏នឹងត្រូវចូលនិវត្តន៍នៅចុងឆ្នាំនេះដែរ។ គាត់បាននៅជាមួយក្រុមហ៊ុនចាប់ផ្តើមតាំងពីឆ្នាំ ១៩៨៧ ហើយបន្តកាន់តួនាទីជាច្រើននៅផ្នែកផលិតកម្ម និងសេវាកម្មនៅតាមបណ្តាប្រទេសជាច្រើន។ លោក Kieran Cahil អាយុ ៥៣ ឆ្នាំ ដែលពីមុនជានាយកផ្នែកផលិតកម្ម និងគម្រោងយុទ្ធសាស្ត្រ នៃ Ford នៅអឺរ៉ុប នឹងបន្តវេនពី លោក Wishnousky ចាប់ពីពេលនេះតទៅ។

អំពីក្រុមហ៊ុន Ford Motor Company

Ford Motor Company គឺជាក្រុមហ៊ុនអន្តរជាតិមួយដែលមានទីតាំងស្ថិតក្នុងទីក្រុង Dearborn រដ្ឋ Michigan។ ក្រុមហ៊ុននេះធ្វើការរចនា ផលិត ធ្វើទីផ្សារ និងផ្តល់សេវាកម្មទៅលើរាល់ផលិតផលរថយន្ត រថយន្តដឹកទំនិញ រថយន្ត SUV រថយន្តអគ្គិសនីម៉ាក Ford និងរថយន្តប្រណិតម៉ាក Lincoln, ផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុតាមរយៈក្រុមហ៊ុន Ford Motor Credit Company ហើយ និងបន្តដើរតួនាទីឈានមុខក្នុងការផលិតគ្រឿងបច្ចេកវិទ្យាអេឡិចត្រូនិច ដំណោះស្រាយបំលាស់ទី រួមមានសេវាកម្មស្វ័យបើកបរ និងសេវាកម្មតភ្ជាប់។ Ford ផ្តល់ការងារដល់មនុស្សប្រមាណ ១៨៨,០០០ នាក់ជុំវិញពិភពលោក។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង Ford ផលិតផលរបស់ Ford និងក្រុមហ៊ុន Ford Motor Credit Company សូមចូលទៅកាន់ www.corporate.ford.com

ទំនាក់ទំនង៖

Rasha Ghanem
Communications
Director
Ford Direct Markets

Ashley Tan
Account Manager
H+K Strategies
00971-55-993-2478
+66 (0) 9 8005 0391
[email protected]
[email protected]

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Gladiator Willys ២០២១ ចេញហើយ បំពាក់ជាមួយកង់សម្រាប់លេងភក់ម៉ាកប់!

ក្រុមហ៊ុន​ Jeep បានបញ្ចេញរថយន្តម៉ូដែលពិសេសថ្មី ម៉ូឌែល Gladiator Willys ឆ្នាំ ២០២១​ ដែលមានសម្ថភាព Off-road កាន់តែខ្លាំង។ ម៉ូដែលពិសេស Gladiator Willys ថ្មីនេះ មាន ២ប្រភេទគឺ ប្រភេទ Sport និង Sport S ដោយផ្នែកខាងក្រៅ បំពាក់ជាមួយ ប៉ាណាពណ៍ខ្មៅ បែបរលោង និងយ៉ាន់កង់ប្រភេទ អាលុយមីញ៉ូម ទំហំ ១៧អ៊ីញ ស្រោបដោយសំបកកង់ BFGoodrich KM2 ទំហំ ៣២អ៊ីញ សម្រាប់លេងជាមួយភក់គ្រប់ស្ថានភាពផ្លូវពិបាកៗ។ ចំណែកផ្នែកខាងក្នុងគឺពុំមានការផ្លាស់ប្តូរច្រើនឡើយ និងគ្រាន់តែមានកម្រាលទ្រាប់ជើង។​

សម្រាប់ ប្រភេទ Sport S បានបំពាក់ជាមួយកញ្ចប់ Convenience និងកញ្ចប់បច្ចេកវិទ្យា ដោយក្នុងនោះមាន Automatic Climate Control system, Universal garage door opener និងអេក្រង់កម្សាន្ត ទំហំ ៧អ៊ីញ មានមុខងារ Android Auto និង Apple Carplay ។

ម៉ូឌែល Gladiator Willys ឆ្នាំ ២០២១​ វាបំពាក់ជាមួយម៉ាស៊ីនស្តង់ដារដូចទៅ និងម៉ូឌែល Gladiator ធម្មតាដែរ គឺម៉ាស៊ីនចំណុះ​ ៣,៦លីត្រ Pentastar V6 កម្លាំង ២៨៥សេះ និងកម្លាំងរមួល ៣៥៣ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ និង ប្រព័ន្ធវិលកង់ ៤ រីឯលេខអូតូ ៨វគ្គវិញគឺតម្រូវអោយអតិថិជនបង់បន្ថែម ២ ០០០ដុល្លារ។ ប៉ុន្តែក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 កម្លាំង ២៦០សេះ កម្លាំងរមួល ៦០០ញូតុនម៉ែត្រ ប៉ុន្តែ តម្រូវអោយអតិថិជនចំណាយបន្ថែម ៤ ០០០ដុល្លារ។ សម្រាប់ជម្រើសម៉ាស៊ីនម៉ាស៊ូត គឺភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ ហើយក្រុមហ៊ុននៅតែតម្រូវអោយបង់ប្រាក់បន្ថែមចំនួន ២ ០០០ដុល្លារផងដែរ។

ចំពោះតម្លៃរបស់ម៉ូដែលពិសេសថ្មីនេះ មានតម្លៃចាប់ពី ៣៥ ៤៩០ដុល្លារ សម្រាប់ប្រភេទ Gladiator Willys Sport និងចាប់ពី ៣៩ ២៤០ដុល្លារ សម្រាប់ប្រភេទ Sport S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco មួយប្រភេទ នឹងមានកម្លាំង ៧៥០សេះ ឯតម្លៃឡើងដល់ខ្ទង់ ២២ម៉ឺនដុល្លារ

មនុស្សជាច្រើនកំពុងរំពឹងថា Ford នឹងបង្ហាញចេញនូវរថយន្ត Bronco Raptor នៅពេលណាមួយ ប៉ុន្តែវាប្រហែលជាមិនខ្លាំងដូច Hennessey VelociRaptor Bronco ឆ្នាំ២០២១ ដែលនឹងចូលរោងចក្រនៅឆ្នាំក្រោយឡើយ។

ក្រុមហ៊ុន Hennessey នឹងបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧៥០សេះ ចូលទៅក្នុង SUV មួយនេះ ដែលនឹងអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។

ក្នុងនោះវាក៏នឹងអាប់ដេតលើ ប៊ិចសាំង, ធុងទឹកស្អំ, ហឺយខ្យល់ និង ប្រព័ន្ធស៊ីឡាំង ព្រមទាំងប្រព័ន្ធជើងក្រោម ដើម្បីរក្សាសមត្ថភាពបើកបរ Off-road របស់វា។

រថយន្ត Hennessey VelociRaptor Bronco នឹងមានតួខ្លួន ២ ជម្រើស គឺ ទ្វា២ និង ទ្វា៤ ប៉ុន្តែក្រុមហ៊ុនកែច្នៃរថយន្តរបស់អាមេរិកនេះ នឹងផលិតវាសរុបត្រឹមតែ ២៤គ្រឿងប៉ុណ្ណោះ សម្រាប់ស៊េរីឆ្នាំ២០២១។ ចំពោះតម្លៃរបស់វាវិញគឺ ២២៥ ០០០ដុល្លារ ជាមួយនឹងការធានា ៣ឆ្នាំ ឬ ៣៦ ០០០ម៉ាយ៍។

គួរឲ្យដឹងថា រថយន្ត Ford Bronco ធម្មតា មានតម្លៃចាប់ពី ២៩ ៩៩៥ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV តម្លៃថោកបំផុត ឆ្នាំ២០២១ របស់ Jaguar កាន់តែឆ្លាត កាន់តែប្រណីត

ក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar បានប្រកាសចេញរថយន្ត E-Pace  ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានអាប់ដេតលើការឌីហ្សាញផ្នែកខាងក្រៅ ក៏ដូចជាបំពាក់ប្រព័ន្ធកម្សាន្តកាន់តែវៃឆ្លាតទៀតផង។

រថយន្ត SUV ខ្នាតតូចដែលមានតម្លៃថោកបំផុតរបស់ក្រុមហ៊ុន Jaguar នេះ បានបំពាក់ចង្កៀងមុខប្រភេទ LED ជាមួយនឹងអំពូលបំភ្លឹពេលថ្លស រាងអក្សារ J ២ជាន់ ហើយមានប៉ាណាមុខ និងរន្ធបឺតខ្យល់ស្អំម៉ាស៊ីនដ៏ធំ ដែលមើលទៅពិតជាស៊ីគ្នាមែនទែន។

ទោះជាយ៉ាងណាក៏ដោយ ការអាប់ដេតភាគច្រើនគឺត្រូវធ្វើឡើងនៅផ្នែកខាងក្នុង ដោយ Jaguar E-Pace ឆ្នាំ២០២១ មានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១១,៤អ៊ីញ ដោយអេក្រង់នេះមានបច្ចេកវិទ្យាការពារចំណាំង និងងាយជូតស្នាមម្រាមដៃចេញ។

មិនតែប៉ុណ្ណោះ សូម្បីតែកុងទ័ររបស់វាក៏ជាប្រភេទឌីជីថល ទំហំ ១២,៣អ៊ីញ ដែលបង្ហាញរូបភាពបានច្បាស់ត្រជាក់ភ្នែក និងមានមុខងារដ៏សម្បូរបែប ជាពិសេសអាចបង្ហាញផែនទី នៅលើនោះបានទៀតផង។ លើសពីនេះវាក៏មានមុខងារ ClearSight ដែលថតយកទិដ្ឋភាពនៅខាងក្រោយរថយន្ត មកបង្ហាញនៅលើកញ្ចក់មើលក្រោយ ព្រមទាំងមុខងារ 3D Surround-View Camera System ដែលអាចមើលឃើញជុំវិញរថយន្ត ៣៦០ដឺក្រេ តែម្តង។

E-Pace ថ្មី នឹងផ្តល់ជម្រើស ៣ ម៉ូដែល គឺ P250, P250 SE និង 300 Sport ដែលប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មកស្តង់ដារ ជាមួយប្រអប់លេខអូតូ ៩វគ្គ និង ប្រព័ន្ធប៉ុងពីរ ប៉ុន្តែកម្លាំងរបស់វាគឺខុសគ្នា។ ម៉ូដែល P250 និង P250 SE មានកម្លាំង ២៤៦សេះ ខណៈ 300 Sport ឡើងដល់ ២៩៦សេះ។

រថយន្ត Jaguar E-Pace ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៤០ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល P250, ចាប់ពី ៤៦ ០៩៥ដុល្លារ សម្រាប់ P250 SE និង ចាប់ពី ៤៩ ៩៩៥ដុល្លារ សម្រាប់ 300 Sport៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+