ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រាប់តម្លៃឡានប្រើអ៊ីដ្រូហ្សែនជំនាន់ថ្មីរបស់ខ្លួន

ត្បិត​ថា​មិន​ទាន់​​បង្ហាញ​មុខ​​ជា​ផ្លូវ​ការ​ ប៉ុន្តែ​​ក្រុមហ៊ុន​ Toyota បាន​ប្រកាស​ថា​រថយន្ត​ Mirai ជំនាន់​ថ្មី​នឹង​មាន​តម្លៃ​ចាប់​ពី​​ប្រមាណ ៧៤ ៩៥២​ដុល្លារ​ ឡើង​ទៅ​ជា​តម្លៃ​នៅ​ទីផ្សារ​អឺរ៉ុប ដែល​នឹង​ចាប់​ផ្ដើម​ចេញ​លក់​នា​ចុង​ឆ្នាំ​នេះ ឬ​ដើម​ឆ្នាំ​ក្រោយ។

Toyota បាន​និយាយ​ដែរ​ថា​ការ​ផលិត​រថយន្ត Mirai ជំនាន់​ថ្មី​នឹង​ចាប់​ផ្ដើម​ពី​ខែ​វិច្ឆិកា​ខាង​មុខ​នេះ និង​មាន​ផែនការ​ផលិត​ចំនួន ៣​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ​គួរ​បញ្ជាក់​ថា​រូបភាព​រថយន្ត​ដែល​គ្រប់​គ្នា​បាន​ឃើញ​នេះ​គឺ​ជា​រូបភាព​ Concept ប៉ុណ្ណោះ ប៉ុន្តែ​ផលិតផល​សម្រេច​រំពឹង​ថា​មិន​ខុស​ពី​រថយន្ត Concept ខ្លាំង​នោះ​ទេ។

រថយន្ត​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន​ដូច​ជា​ Mirai នេះ គឺ​វា​អាច​បង្កើត​នូវ​​អគ្គិសនី​ដោយ​ខ្លួន​វា​ ដោយ​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ហើយ​លទ្ធផល​បញ្ចេញ​ជា​ចំហាយ​ទឹក។ គុណ​សម្បត្តិ​របស់​វា​គឺ​​ប្រើ​ពេល​តែ ៥ នាទី​អាច​សាក​អ៊ីដ្រូហ្សែន​ពេញ ដែល​រថយន្ត​អគ្គិសនី​ប្រើ​អាគុយ​គឺ​ចំណាយ​ពេល​សាក​យូរ​ជាង​នេះ​ឆ្ងាយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងពិតៗរបស់ឡាន Hummer អគ្គិសនី ទើបដឹងស្អាតកម្រិតណា!

ត្បិត​ថា​មិន​ទាន់​ចេញ​លក់​លើ​ទីផ្សារ​ ប៉ុន្តែ​មាន​ YouTuber មួយ​​ចំនួន​មាន​ឱកាស​បាន​​ឃើញ​រថយន្ត​ Hummer អគ្គិសនី​ផ្ទាល់ៗ​ភ្នែក​តែ​ម្ដង។

ក្នុង​វីដេអូ​ថ្មី​មួយ​បង្ហោះ​ដោយ​ Speed Phenom បាន​​បង្ហាញ​ឲ្យ​ឃើញ​អំពី​​រូបរាង​ដ៏​ច្បាស់​របស់​រថយន្ត​ភីកអាប់​អគ្គិសនី Hummer ដែល​មាន​រូបរាង​ស្រស់​ស្អាត​ខ្លាំង​មិន​ធម្មតា ហើយ​នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​លក្ខណៈ​ទំនើប​ មើល​ទៅ​ប្រៀប​ដូច​ជា​រថយន្ត​អនាគត​យ៉ាង​អ៊ីចឹង។

​រថយន្ត Hummer អគ្គិសនី​ដែល​បង្ហាញ​ក្នុង​វីដេអូ​គឺ​ជា​ប្រភេទ Hummer EV Edition 1 ដែល​វា​នឹង​ចេញ​លក់​លើ​ទីផ្សារ​មុន​គេ ចាប់​ផ្ដើម​ពី​អំឡុង​ឆ្នាំ ២០២១ ត​ទៅ។ តម្លៃ​សម្រាប់​រថយន្ត​ប្រភេទ​នេះ​គឺ​មាន​ចាប់​ពី​ ១១២ ៥៩៥​ដុល្លារ​ឡើង​ទៅ។

Hummer EV Edition 1 មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​បាន​សរុប ១០០០​សេះ។ ក្រុមហ៊ុន GMC មិន​បាន​ប្រាប់​អំពី​ចំណុះ​អាគុយ​នៅ​ឡើយ​ទេ ប៉ុន្តែ​និយាយ​ថា​វា​អាច​ឲ្យ​រថយន្ត​រត់​បាន​ចម្ងាយ ៥៦៣​គីឡូម៉ែត្រ និង​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣វិនាទី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ចេញលក់នៅជប៉ុន ប្រើម៉ាស៊ីន Turbo តម្លៃតែ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត Forester ស៊េរីឆ្នាំ២០២០ ថ្មី សម្រាប់ទីផ្សារប្រទេសជប៉ុន ដោយហៅឈ្មោះថា Forester Sport។

ចំពោះរថយន្ត Subaru Forester Sport លក់នៅជប៉ុន មានបំពាក់ម៉ាស៊ីនចំណុះ ១,៨លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ។ ដោយឡែក Forester សម្រាប់ទីផ្សារសហរដ្ឋអាមេរិកវិញ គឺបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨២សេះ។

យ៉ាងណាក៏ដោយ Forester Sport ថ្មី ទទួលបានការកែកុនផ្នែកប្រព័ន្ធជើងក្រោម ហើយដំណើរការដោយប្រអប់លេខអូតូ CVT និង ប្រព័ន្ធប៉ុងពីរ Symmetrical AWD មកស្តង់ដារតែម្តង។ ភាពខុសគ្នាលើការឌីហ្សាញពីម៉ូដែលលក់នៅទីផ្សារផ្សេង មានដូចជា ប៉ាណាមុខ និងយ៉ាន់ខ្មៅ ជាដើម។

អតិថិជននៅក្នុងប្រទេសជប៉ុន នឹងអាចទិញរថយន្ត Forester Sport ឆ្នាំ២០២០ ក្នុងតម្លៃចាប់ពី ៣ ២៨៩ ០០០យ៉េន ឬប្រហែល ៣១ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Bugatti ចេញឡានថ្មីទៀតហើយ ម្តងនេះអាចរត់ដល់ល្បឿន ៥០០គ.ម៉/ម៉

ក្រុមហ៊ុន Bugatti បានប្រកាសចេញរថយន្តថ្មីមួយម៉ូដែលទៀត ហៅថា Bolide ដែលជាប្រភេទ Hypercar ផ្តោតខ្លាំងលើទីលានប្រណាំង មានរូបរាងប្លែកទាក់ទាញខ្លាំងបំផុត។

រថយន្ត Bugatti Bolide បានបំពាក់ម៉ាស៊ីនចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ១ ៨២៤សេះ ហើយមានទម្ងន់ត្រឹមតែ ១ ២៤០គីឡូក្រាមប៉ុណ្ណោះ។

ដើម្បីអាចផលិតរថយន្ត Bolide ឲ្យស្រាលបែបនេះបាន Bugatti បានប្រើប្រាស់គ្រោងឆ្អឹង Carbon Fiber, ខ្ចៅ Titanium, គ្រឿង Titanium Alloy កម្រាស់ស្តើង បានពី 3D-Print, ហ្វ្រាំង Ceramic និង Carbon Fiber លើផ្នែកជាច្រើនផ្សេងទៀត។

Bugatti អះអាងថា Bolide គឺជារថយន្តដ៏មហាអស្ចារ្យបំផុត ស្រាលបំផុត និងលឿនបំផុតរបស់ក្រុមហ៊ុន ដោយអាចរត់ដល់ល្បឿនអតិបរមាលើស ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,១៧វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi អាចនឹងត្រូវគ្រប់គ្រង Bentley ជំនួស Volkswagen

​មាន​ការ​ចុះ​ផ្សាយ​ថា Volkswagen Group មាន​គម្រោង​ដាក់​ក្រុមហ៊ុន Bentley ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ក្រុមហ៊ុន​ Audi ប្រៀប​ដូច​ជា​ក្រុមហ៊ុន Lamborghini ដែរ។

ដំណឹង​នេះ​បាន​ចុះ​ផ្សាយ​ដោយ​វិបសាយ​ព័ត៌មាន​ភាសា​អាល្លឺម៉ង់​ឈ្មោះ​ថា​ Automobilwoche ដែល​បាន​ដក​ស្រង់​ប្រភព​ចេញ​ពី​ក្រុមហ៊ុន​ Volkswagen Group មក​ថា​ VW ចង់​​ផ្ដល់​នូវ​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​សម្រាប់ Bentley ក្រោម​ការ​មើល​ថែ​របស់ Audi។

ប្រសិន​បើ​ផែនការ​នេះ​ជា​ការ​ពិត​មែន វា​មាន​ន័យ​ថា​ Audi នឹង​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​សកម្មភាព​បច្ចេកវិទ្យា​ និង​​ហិរញ្ញវត្ថុ​របស់ Bentley ចាប់​ផ្ដើម​ពី​ឆ្នាំ​ក្រោយ​ទៅ។ គួរ​ដឹង​ថា​​ Bentley អាច​រក​ប្រាក់​ចំណេញ​បាន​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ដោយ​សារ​វិបត្តិ​កូវីដ​១៩ ក្រុមហ៊ុន​អាច​នឹង​រង​ការ​ខាត​បង់​៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាយពេល៣០ឆ្នាំ ទើប Lexus អាចលក់ឡានបាន ១លានគ្រឿងក្នុងទឹកដីមួយ

ក្រុមហ៊ុន​ Lexus ប្រចាំ​នៅ​តំបន់​អឺរ៉ុប​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ពួក​គេ​អាច​លក់​រថយន្ត​បាន​ ១​លាន​គ្រឿង​ហើយ រាប់​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ មក ដែល​សមិទ្ធផល​ថ្មី​​នេះ​គឺ​បាន​កត់​ត្រា​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។​

រថយន្ត​ដែល Lexus អាច​លក់​ចេញ​បាន​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប​គឺ​ម៉ូដែល Lexus RX ជា​រថយន្ត​ SUV ប្រណីត​ដំបូង​គេ​មាន​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ដែល​អាច​លក់​ចេញ​បាន​សរុប​ ២៨៩ ២៨៤​គ្រឿង។ រថយន្ត​លក់​ដាច់​បន្ទាប់​គឺ Lexus IS ដែល​លក់​បាន ២០២ ២១០​គ្រឿង បន្ទាប់​មក​គឺ​រថយន្ត​ Lexus NX ដែល​លក់​បាន​ ១៥៥ ៣៦៦​គ្រឿង។

គួរ​ដឹង​ដែរ​ថា​ក្នុង​ចំណោម​រថយន្ត​ទាំង ១​លាន​គ្រឿង​ដែល​លក់​បាន​ មាន​​ប្រមាណ​ជិត​ ៤៥% គឺ​ជា​ប្រភេទ​រថយន្ត​ Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងខាងក្រៅផ្ទាល់ភ្នែកបែបនេះ ទើបដឹងថា Genesis G70 ស្អាតខ្លាំង (មានវីដេអូ)

ថ្មីៗនេះ ក្រុមហ៊ុនរថយន្តកូរ៉េ Genesis បានបង្ហាញចេញនូវរថយន្ត G70 ស៊េរីថ្មី ដោយបានកែកុនការឌីហ្សាញឲ្យប្រសើរជាងមុន ហើយពិតជាធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍លើវាមែនទែន។

ផ្នែកខាងមុខវាបានបំពាក់ចង្កៀងមុខ ប្រភេទ Quad Headlights និងអំពូលបំភ្លឺពេលថ្លៃ LED រាងស្លីម ជាមួយនឹងប៉ាណាមុខដ៏ធំ។ ស្ទីលមួយនេះក៏ត្រូវបានប្រើនៅផ្នែកខាងក្រោយដែរ ជាមួយនឹងការឌីហ្សាញឡើងវិញនូវចង្កៀងក្រោយ LED ដែលមើលទៅរឹតតែទាក់ទាញ។

តាមរយៈវីដេអូឃ្លីបរបស់ Asian Petrolhead បានបង្ហាញឲ្យឃើញពីភាពស្រស់ស្អាតនៃរថយន្ត G70 ជាពិសេសគឺពណ៌ខៀវ Royal Blue ដែលគេបានលើកយកមកបង្ហាញតែម្តង។

ការអាប់ដេតលើរថយន្ត G70 បានបន្តដល់ផ្នែកខាងក្នុង ជាមួយនឹងការបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ក៏ដូចជា មុខងារសម្គាល់សំឡេង និង Genesis CarPay ផងដែរ។

G70 ផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ ទី១ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៩សេះ, ទី២ ម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ twin-turbo V6 មានកម្លាំង ៣៦៥សេះ និង ទី៣ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ Turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៩សេះ។

ក្រៅពីនោះ វាក៏មានបំពាក់មុខងារជំនួយការបើកបរ ជាច្រើន រួមទាំង Forward Collision-Avoidance Assist, Blind-Spot Collision-Avoidance Assist, Safe Exit Warning, Rear Cross-Traffic Collision-Avoidance Assist, Lane Following Assist, Multi Collision Braking និង Smart Cruise Control៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ថាមានគេកក់ឡាន Bronco ជិត ២សែនគ្រឿង ហើយប្រភេទមួយនេះដាច់ច្រើនបំផុត

ក្រុមហ៊ុន Ford បានបញ្ជាក់ថា ខ្លួនទទួលបានការកក់ចំនួន ១៩០ ០០០គ្រឿង សម្រាប់រថយន្ត Bronco ថ្មី។

កាលពីសប្តាហ៍មុន Ford បានចេញឲ្យអតិថិជនធ្វើការជ្រើសរើស Option ដែលខ្លួនចង់បាន តាមរយៈពេលអនឡាញ។ ថ្លែងទៅកាន់គេហទំព័រ Autoblog លោក Mark Grueber ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Ford ប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា រថយន្ត Bronco ប្រភេទ Wildtrak គឺទទួលបានប្រជាប្រិយភាពបំផុត ដោយទទួលការកក់សរុប ២៦%។ បន្ទាប់មកទៀតគឺប្រភេទ Badlands ២០% ហើយសល់ ៥៤% ទៀតគឺធ្លាក់ទៅលើ Big Bend, Black Diamond, Outer Banks និង First Edition។

បន្ថែមពីនេះ ក្រុមហ៊ុន Ford ក៏បានបង្ហាញឲ្យដឹងដែរថា ពាក់កណ្តាលនៃអ្នកកក់រថយន្ត Bronco សុទ្ធតែយក Option មួយឈ្មោះថា Sasquatch Package ដោយក្នុងនោះរួមមាន សម្បកកង់ Goodyear ទំហំ ៣៥អ៊ីញ, យ៉ាន់ទំហំ ១៧អ៊ីញ, មុខងារ front and rear electronically locking axles និង ប្រព័ន្ធបូម Bilstein។

មិនតែប៉ុណ្ណោះ រថយន្ត Bronco ប្រភេទទ្វារ ៤ គឺពេញនិយមបំផុត ដោយមានគេកក់ ២ភាគ៣នៃចំនួនសរុប ខណៈប្រភេទម៉ាស៊ីនចំណុះ ២,៧លីត្រ V6 គឺជាជម្រើសពេញនិយមផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានបារាំងបំបែកប្រព័ន្ធ Hybrid របស់ Toyota ដើម្បីចង់ដឹងរឿងមួយ

ក្រោយ​ពី​បាន​បំបែក​​គ្រឿង​បន្លាស់​នៃ​ប្រព័ន្ធ Toyota Hybrid Synergy Drive Unit ​រួច​ហើយ ក្រុមហ៊ុន​រថយន្ត​របស់​បារាំង Renault បាន​រក​ឃើញ​ថា​​​តម្លៃ​នៃ​គ្រឿង​បន្លាស់​​ដែល​បាន​ប្រើ​ផលិត​ប្រព័ន្ធ​នេះ​ឡើង​ គឺ​ស្រដៀង​គ្នា​នឹង​តម្លៃ​​គ្រឿង​បន្លាស់​នៃ​ប្រព័ន្ធ e-tech hybrid របស់​ខ្លួន​ដែរ។

លោក Luca De Meo ប្រធាន​ក្រុមហ៊ុន Renault បាន​និយាយ​ថា​​បច្ចេកវិទ្យា Hybrid របស់​ក្រុមហ៊ុន​ខ្លួន​ គឺ​កាន់​តែ​ជិត​ស្មើ​នឹង​ Toyota បើ​គិត​លើ​ថ្លៃ​ចំណាយ។ ​​ក្រុមហ៊ុន Renault ចាត់​ទុក​ថា​នេះ​ជា​រឿង​អស្ចារ្យ​មួយ​សម្រាប់​ក្រុមហ៊ុន ដោយ​សារ Toyota បាន​​ចាប់​ផ្ដើម​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ Hybrid របស់​ខ្លួន​ជាង ២០​ឆ្នាំ​មក​ហើយ។

លោក De Meo បាន​បន្ត​សន្យា​ថា​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​ព្យាយាម​កាត់​បន្ថយ​ថ្លៃ​ចំណាយ​គ្រឿង​បន្លាស់​ប្រព័ន្ធ Hybrid ឲ្យ​បាន​កាន់​តែ​ធូរ​ថ្លៃ​ជាង​នេះ​ក្នុង​រយៈពេល ២ទៅ៣​ឆ្នាំ​បន្ទាប់​ទៀត។ បច្ចេកវិទ្យា Hybrid របស់ Renault គឺ​ស្រដៀង​នឹង Toyota ដែរ​ ដែល​អាច​ដំណើរ​ការ​ដោយ​កម្លាំង​អគ្គិសនី​សុទ្ធ ឬ​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ជា​ជំនួយ​បន្ថែម៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ GMC នេះ មានតែ១គ្រឿងគត់លើលោក (មានវីដេអូ)

អ្នកស្រលាញ់ចូលចិត្តរថយន្តនៅសហរដ្ឋអាមេរិកមួយក្រុម បានបង្កើតរថយន្តភីកអាប់ GMC Sierra ស៊េរីឆ្នា២០២០ ដែលមានតែ ១គ្រឿងគត់លើពិភពលោក ជាមួយនឹងតួខ្លួន និងគ្រែដឹកខ្លី។

ជាក់ស្តែង ក្រុមហ៊ុនរថយន្តអាមេរិក GMC មិនមានលក់រថយន្ត Sierra ដែលមានលក្ខណៈបែបនេះឡើយ ប៉ុន្តែម្ចាស់ Channel YouTube ឈ្មោះ TheBulletWS6 បានច្នៃវាឡើងដោយខ្លួនឯង។

រថយន្ត GMC Sierra ដើម
រថយន្ត GMC Sierra កំពុងកែ

ជាលទ្ធផលវាពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន ដោយភីកអាប់នោះមានប្រវែងកង់មុខទៅកង់ក្រោយខ្លី ហើយមានសមាមាត្រល្អឥតខ្ជោះ និងមើលទៅស្អាតជាងភីកអាប់ Sierra ដើម ដាច់តែម្តង។

បន្ថែមពីនេះ TheBulletWS6 បានបំពាក់យ៉ាន់ពណ៌មាស និងទម្លាក់បូមរថយន្ត ដែលជួយឲ្យវាកាន់តែលេចធ្លោនៅលើដងផ្លូវ។ លើសពីនេះទៅទៀត គេក៏បានបាញ់ថ្នាំរថយន្តឡើងវិញ ដែលរឹតតែធ្វើឲ្យវាទាក់ទាញថែមមួយកម្រិតទៀត៕

ចង់ដឹងថារថយន្តភីកអាប់នោះស្រស់ស្អាតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+