ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រៀបធៀបរូបរាងឡាន Hummer ឆ្នាំ ២០០៩ និងស៊េរីឆ្នាំ ២០២២ ខុសគ្នាកម្រិតណា?

រថយន្ត​ Hummer EV ស៊េរី​ឆ្នាំ ២០២២ គឺ​ជា​បង្ហាញ​វត្តមាន​​ជា​ថ្មី​ម្ដង​ទៀត​នៃ​រថយន្ត Hummer ក្រោយ​ពី​បាន​បាត់​ស្រមោល​តាំង​ពី​ឆ្នាំ ២០១០ មក​ ជា​មួយ​រថយន្ត Hummer H3T ស៊េរី​ឆ្នាំ ២០០៩។ ត​ទៅ​នេះ​គឺ​ជា​រូបភាព​ប្រៀប​ធៀប​រូបរាង​រថយន្ត​ទាំង​ពីរ​ម៉ូដែល ថា​មាន​លក្ខណៈ​ខុស​គ្នា​កម្រិត​ណា!

រថយន្ត Hummer EV មាន​ប្រវែង​សរុប​ ៥៥០៦​ម.ម ដែល​ប្រៀប​នឹង​ H3T មាន​ប្រវែង​សរុប​ ៥៤០៣ម.ម។ ​​ចំពោះ​ទទឹង​ និង​កម្ពស់​របស់​ ​Hummer EV ​គឺ​មាន​ប្រវែង ២២០២​ម.ម និង​ ​២០៦០​ម.ម ខណៈ​ដែល​រថយន្ត H3T មាន​ទទឹង​ ១៩០៥​ម.ម និង​កម្ពស់​ ១៨៣១​ម.ម។

ក្រៅ​ពី​មាន​រូបរាង​ខុស​គ្នា​ទាំង​ស្រុង​ហើយ​នោះ​ បច្ចេកវិទ្យា​រថយន្ត​ទាំង​ពីរ​ក៏​ខុស​គ្នា​ខ្លាំង​ណាស់​ដែរ ដោយ​សារ​រថយន្ត Hummer EV ប្រៀប​ដូច​ជា​រថយន្ត​អគ្គិសនី​មួយ​យ៉ាង​អ៊ីចឹង។ Hummer EV បំពាក់​ម៉ូទ័រ​ដែល​មាន​កម្លាំង ១០០០​សេះ ខណៈ​រថយន្ត H3T បំពាក់​ម៉ាស៊ីន ៥,៣លីត្រ ៨ស៊ីឡាំង កម្លាំង ៣០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលការធ្វើតេស្តចាក់អន្ទង់ ឡានភីកអាប់ Mitsubishi Triton ស្រៀវជំនួស (វីដេអូ)

ភីកអាប់មិនមែនជាប្រភេទរថយន្តដែលអាចបត់បែនខ្លាំងឡើយ នៅពេលដែលយើងនិយាយពីការគេចចេញពីអ្វីមួយភ្លាមៗ។ ជាក់ស្តែង រថយន្ត Mitsubishi Triton ហាក់ធ្វើមិនបានល្អឡើយចំពោះការធ្វើតេស្តចាក់អន្ទង់ Moose Test។

ធ្វើតេស្តដោយ KM77 រថយន្តភីកអាប់របស់ជប៉ុនមួយនេះអាចរក្សាគន្លងរបស់ខ្លួន នៅក្នុងល្បឿន ៦៩គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែការសាកល្បងល្បឿនលើសនេះ សុទ្ធតែមិនទទួលបានផលល្អ។ ជាលទ្ធផលវាទទួលបានពិន្ទុ “បង្គួរ” ខណៈ Channel YouTube របស់អេស្ប៉ាញខាងលើអះអាងថា វានៅតែមានសុវត្ថិភាព ថ្វីបើវាមើលទៅហាក់បីដូចជាស្រៀវជំនួសក្តី។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីអាចទទួលបានជោគជ័យនៅក្នុងការធ្វើតេស្ត Moose Test នេះ រថយន្តទាំងអស់ត្រូវតែឆ្លងកាត់ឧបសគ្គឲ្យបានជោគជ័យ នៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង ឬ លឿនជាងនេះ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងមែន! Maserati MC20 ឆ្នាំ២០២១ ប្រកាសតម្លៃហើយ លក់ដាច់គ្មានសល់!

ក្រុមហ៊ុន Maserati បានប្រកាសអំពីតម្លៃផ្លូវការរបស់រថយន្ត Maserati MC20 ឆ្នាំ២០២១ សម្រាប់ទីផ្សារប្រទេស អូស្ត្រាលី និងញូហ្សែលែន។ សម្រាប់ទីផ្សារប្រទេស អូស្ត្រាលី MC20 មានតម្លៃ ៣១០ ៦២៩ដុល្លារ រីឯទីផ្សារប្រទេសញូហ្សែលែន មានតម្លៃ ២៥៧ ៣៦១ដុល្លារ។ ក្រោយពេលដែលបានបញ្ចេញតម្លៃរួចមក ទាំងពីរប្រទេសបានប្រាប់ថាលក់ដាច់អស់ទៅហើយ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនលក់នោះទេ។

ជាមួយនឹងតម្លៃ ៣១០ ៦២៩ដុល្លារ បានធ្វើអោយ MC20 ទទួលបានការគាំទ្រខ្លាំង និងឈានមុខគេ ក្នុងលំដាប់រថយន្ត Supercar ប្រភេទម៉ាស៊ីនមធ្យម។ ជាក់ស្តែងដូចជា Lamborghini Huracan Evo មានតម្លៃចាប់ពី ៣២​៥ ៥៦៦ដុល្លារ រីឯ Ferrari F8 មានតម្លៃចាប់ពី ៣៤៣ ៥៩៨ដុល្លារ និង McLaren 720S តម្លៃ ៣៤៦ ៥១២ដុល្លារ។

រថយន្ត Maserati MC20 ឆ្នាំ២០២១ បានបំពាក់ជាមួយម៉ាស៊ីន ៣,០ Bespoke twin-turbocharged  ៦ស៊ីឡាំង ប្រើប្រព័ន្ធ Dual Injection និង F1-inspired ប្រើប្រាស់ប៉ូស៊ីភ្លោះ (twin-spark plugs) ផ្តល់នូវកម្លាំង​ ៦២១សេះ កម្លាំងរមួល ៧៣០ញ៉ូតុនម៉ែត្រ តិចជាង រថយន្ត Huracan Evo ៩សេះ។ រថយន្តបំពាក់មកជាមួយប្រអប់លេខអូតូ ៨វគ្គ Dual-clutch បញ្ជូនកម្លាំងទៅកង់ក្រោយ តាមរយៈប្រព័ន្ធគ្រប់គ្រងប៉ុង Limited-slip ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតិចជាង ២,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ម៉ូតូម៉ូឌែល Interceptor 650 របស់ Royal Enfield ឈ្នះពានរង្វាន់ “Best Retro Bike of the Year 2020” ពី MCN

រាជធានីភ្នំពេញថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០៖ Royal Enfield មានមោទនភាពក្នុងការប្រកាសថា ម៉ូឌែលម៉ូតូរបស់ខ្លួនគឺ Interceptor 650 បានឈ្នះពានរង្វាន់ “Best Retro Bike of the Year 2020” របស់ MCN សម្រាប់ឆ្នាំទី២ នេះ។ តាមរយៈពានរង្វាន់ “Best Retro Bike of the Year 2020” MCN បាននិយាយថា៖ « ម៉ូតូ Interceptor 650 បានឆក់យកបេះដូង និងទាក់ទាញការចាប់អារម្មណ៍ ដោយកង់បែបបុរាណ ដែលមិនមានគូប្រជែងណា អាចធ្វើការលាយបញ្ចូលគ្នានៃភាពបុរាណ និងទាន់សម័យបានល្អ ដូច Royal Enfield ឡើយ »។

ពានរង្វាន់ប្រចាំឆ្នាំរបស់ MCN មាន ១៨ ប្រភេទ សម្រាប់ផ្ដល់ជូនដល់យានជំនិះគ្រប់ប្រភេទ ដោយ  MCN បានសហការជាមួយក្រុមអ្នកជំនាញដើម្បីវិនិច្ឆ័យលើឧស្សាហកម្មម៉ូតូសម្រាប់ពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួន។ ក្រុមអ្នកសារព័ត៌មាន និងអ្នកប្រណាំងម៉ូតូដែលមានបទពិសោធ បានជជែកដេញដោលពីគុណសម្បត្តិ និងគុណវិបត្តិរបស់ម៉ាស៊ីននីមួយៗ ថាតើវាសមនឹងសេចក្តីត្រូវការនៃទីផ្សារដែរ ឬទេ ហើយប្រភេទមួយដែលដែលវាស្ថិតនៅ។ ការពិចារណាត្រូវបានផ្តល់ទៅឱ្យការអនុវត្តការលក់ ប្រតិកម្មរបស់អ្នកអាន/អតិថិជន ការរចនា ការច្នៃប្រឌិតបច្ចេកទេស និងការអនុវត្តជាទូទៅដើម្បីចេញមកជាមួយអ្នកឈ្នះរួមនៅក្នុងប្រភេទនីមួយៗ។ MCN បានពន្យល់ថា “ វាមិនងាយស្រួលទេក្នុងការឈ្នះពានរង្វាន់ MCN និងម៉ាស៊ីនណាដែលពិតជាបានបំពេញតម្រូវការទីផ្សារ និងទទួលបានការចាប់អារម្មណ៍ពីគណៈកម្មការវិនិច្ឆ័យដ៏មានជំនាញ »។

Royal Enfield ពិតជាមានមោទនភាពចំពោះភាពជោគជ័យរបស់ម៉ូឌែលកូនភ្លោះ ដែលមិនធ្លាប់មានចាប់តាំងពីការដាក់ឲ្យប្រើប្រាស់នូវ Interceptor 650 និង Continental GT នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីខែតុលាឆ្នាំ ២០១៨។ MCN ដែលជាផ្នែកមួយនៃការធ្វើតេស្ត៍ម៉ូឌែលកូនភ្លោះនៅរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញថា៖ « ម៉ាស៊ីននេះមានភាពរស់រវើកដោយមិនមានការព្រួយបារម្ភ សប្បាយរីករាយក្នុងការជិះ ប្រកបដោយទំនុកចិត្ត »។

ភាពជោគជ័យជាបន្តរបស់ Interceptor 650 បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការលក់នៅចក្រភពអង់គ្លេស ដែលជាម៉ូតូ naked bike ដែលលក់ដាច់បំផុតប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេស ក៏ដូចជាម៉ូតូដែលលក់ដាច់បំផុតនៅគ្រប់ប្រភេទទាំងអស់នៅក្នុងខែមិថុនាឆ្នាំ ២០២០ ។ លោក Vimal Sumbly ប្រធាន APAC Business for Royal Enfield មានប្រសាសន៍ថា៖ « Interceptor គឺជាការរស់ឡើងវិញដ៏ទំនើបនៃកង់បុរាណដែលមានអាយុកាល ៧០ឆ្នាំ ដែលជាកង់ដំបូងរបស់ម៉ូឌែលភ្លោះដ៏លេចធ្លោ និងទទួលបានជោគជ័យយ៉ាងខ្លាំងពីការបណ្តាក់ទុនរួមគ្នារវាងក្រុម Chennai និងក្រុមចក្រភពអង់គ្លេសនៅ Bruntingthorpe ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកថា យើងបានឆ្លងកាត់ការលក់រាយរបស់កូនភ្លោះ 650cc ចំនួន ៦០០០ គ្រឿងនៅក្នុងតំបន់ APAC ។ កូនភ្លោះត្រូវបានគេពេញចិត្តយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើម ហើយវាគឺជាកិច្ចសហការរវាងអង់គ្លេស និងឥណ្ឌា។ Interceptor បានឈ្នះពានរង្វាន់ជាច្រើនក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ មិនតែប៉ុណ្ណោះយើងជាយីហោពិភពលោកពិត ដែលនឹងបន្តរីកចម្រើន និងច្នៃប្រឌិតថ្មី យើងររំភើបយ៉ាងខ្លាំងចំពោះសក្តានុពលនៃយីហោនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការរីកចម្រើន និងការឆ្លើយតបដែលយើងបានឃើញក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ »។

អំពីក្រុមហ៊ុន Royal Enfield៖ Royal Enfield គឺជាយីហោម៉ូតូចាស់ជាងគេដែលបន្តឈរជើងមកទល់បច្ចុប្បន្ន ដោយបានបង្កើតម៉ូតូលើកដំបូងនៅឆ្នាំ ១៩០១។ Royal Enfield គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Eicher Motors Limited ដោយបានបង្កើតម៉ូតូទំហំកណ្ដាលនៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងរូបរាង classic ការរចនាកង់បែបបុរាណ តែស្អាតប្លែក។ ដោយមានមូលដ្ឋានផលិតកម្មថ្មីរបស់ខ្លួននៅ Chennai នៃប្រទេសឥណ្ឌា ក្រុមហ៊ុន Royal Enfield អាចបង្កើនផលិតកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សធៀបនឹងការកើនឡើងនៃតម្រូវការម៉ូតូ។ ជាមួយនឹងការលូតលាស់ជាង ៤០% ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ Royal Enfield បានក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារម៉ូតូធុនមធ្យម និងកំពុងធ្វើការឆ្ពោះទៅរកការបង្កើតថ្មី ជាមួយនឹងម៉ូតូដែលបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យ ជាប់ចិត្ដ និងសប្បាយរីករាយក្នុងការជិះ។

ម៉ូឌែល Interceptor

ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Interceptor 650 និង Continental GT 650 ដែលបំពាក់ដោយម៉ាស៊ីនស៊ីឡាំងភ្លោះ 648cc ។ Royal Enfield ក៏ផលិតប្រភេទ Classic, Bullet និង Thunderbird ក្នុងកម្លាំង 350 និង 500cc ផងដែរ ហើយម៉ូឌែល Himalayan ក្នុងគោលបំណងបំពាក់ដោយម៉ាស៊ីន LS410 ថ្មី។ Royal Enfield ប្រតិបត្តិការតាមរយៈហាងចំនួន ១៨ ដែលដំណើរការដោយក្រុមហ៊ុន ជាង ៩៤០ ជាហាងទ្រង់ទ្រាយធំ និង ៥០០ ជាហាងទ្រង់ទ្រាយតូច នៅគ្រប់ទីក្រុង និងទីប្រជុំជននានាក្នុងប្រទេសឥណ្ឌា ហើយនាំចេញទៅប្រទេសជាង ៥០ នៅទូទាំងពិភពលោករួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បណ្តាប្រទេសអ៊ឺរ៉ុប និងអាមេរិកឡាទីនមួយចំនួនក៏ដូចជាមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍។

Royal Enfield ក៏រៀបចំនិងគាំទ្រព្រឹត្តិការណ៍ប្រណាំង និងជិះជាច្រើននៅទូទាំងពិភពលោកផងដែរ អ្វីដែលកាន់តែលេចធ្លោជាងនេះគឺ កម្មវិធីប្រណាំងម៉ូតូ Rider Mania ដែលជាការប្រមូលផ្តុំប្រចាំឆ្នាំរបស់អ្នកប្រណាំង Royal Enfield ពីទូទាំងពិភពលោក ទៅកាន់ឆ្នេរខ្សាច់ដ៏គួរឲ្យទាក់ទាញ របស់ Goa និង Himalayan Odyssey ដែលជាទីតាំងជិះយ៉ាងលំបាកបំផុត នៃផ្លូវពិបាកបំផុត និងភ្នំខ្ពស់បំផុត។ Royal Enfield ក៏បានបង្កើតនូវកម្មវិធីពេញនិយម «One Ride» ដែលមនុស្សនៅជុំវិញពិភពលោកជិះម៉ូតូរបស់ពួកគេនៅថ្ងៃអាទិត្យដំបូងនៃខែមេសា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda NSX ចាកចេញពីប្រទេសអូស្ត្រាលី ក្រោយពីលក់មិនដាច់សូម្បីមួយគ្រឿង

ក្រុមហ៊ុន Honda បាន​បញ្ឈប់​ការ​លក់​រថយន្ត​ស្ព័រ Hybrid ម៉ូដែល NSX នៅ​លើ​ទីផ្សារ​ប្រទេស​អូស្ត្រាលី ដោយ​សារ​សង្កេត​ឃើញ​ថា​តម្រូវ​ការ​ចំពោះ​រថយន្ត​នេះ​គឺ​មាន​តិច​តួច​ខ្លាំង​បំផុត។

​នៅ​ឆ្នាំ ២០២០ នេះ រថយន្ត Honda NSX មិន​អាច​លក់​ចេញ​បាន​សូម្បី​មួយ​គ្រឿង, នៅ​ឆ្នាំ ២០១៩ អាច​លក់​ចេញ​បាន​បី​គ្រឿង, នៅ​ឆ្នាំ ២០១៨ អាច​លក់​ចេញ​បាន​ពីរ​គ្រឿង, នៅ​ឆ្នាំ ២០១៧ អាច​លក់​ចេញ​បាន​ពីរ​គ្រឿង និង​នៅ​ឆ្នាំ ២០១៦ អាច​លក់​ចេញ​បាន​ពីរ​គ្រឿង។ សរុប​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នៅ​អូស្ត្រាលី​ រថយន្ត Honda NSX អាច​លក់​ចេញ​បាន​​ត្រឹម ៩​គ្រឿង​ប៉ុណ្ណោះ។

Honda NSX មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២៩៨ ៤៦៨​ដុល្លារ នៅ​អូស្ត្រាលី ដោយ​មាន​បំពាក់​ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ អម​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី​ ដែល​អាច​ផលិត​កម្លាំង​សរុប​បាន ៥៧៣​សេះ។ រថយន្ត​នេះ​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល ២,៩វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣០៧​គ.ម/ម៉៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla កើនឡើងចំនួនលក់ដល់ ៤៤% នៅត្រីមាសទីបី

ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ Tesla អាច​រក​ប្រាក់​ចំណូល​បាន​​រហូត​ដល់ ៨,៧៧​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ប្រាក់​ចំណេញ​ចំនួន ៣៣១​លាន​ដុល្លារ។

ប្រាក់​ចំណូល​និង​ប្រាក់​ចំណេញ​របស់ Tesla គឺ​ទទួល​បាន​ពី​កំណើន​នៃ​ចំនួន​លក់​រថយន្ត​មាន​រហូត​ដល់ ៤៤% នៅ​ទូទាំង​ពិភពលោក​អំឡុង​ត្រីមាស​ទី​បី។ Tesla អាច​លក់​រថយន្ត​បាន​ ១៣៩ ៥៩៣​គ្រឿង​ ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន Tesla អាច​លក់​រថយន្ត​បាន​ ៩៧ ១៨៦​ ហើយ​ក្នុង​ត្រីមាស​ទី​បី​ឆ្នាំ ២០២០ នេះ Tesla អាច​ផលិត​រថយន្ត​បាន​ ១៤៥ ០៣៦​គ្រឿង ។

​លោក Elon Musk នាយក​ប្រតិបត្តិ Tesla បាន​បង្ហាញ​អំពី​គោលដៅ​ផលិត​រថយន្ត​បាន​ ៥០​ម៉ឺន​គ្រឿង​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ នេះ ដែល​ក្រុមហ៊ុន​នឹង​ត្រូវ​ផលិត​រថយន្ត​ឲ្យ​បាន​ ១៨១ ៦៥០​គ្រឿង​នៅ​ត្រីមាស​ខាង​មុខ​ទើប​សម្រេច​គោលដៅ​បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hyundai ឆ្នាំ២០២១ លក់នៅប្រទេសនេះ តម្លៃតែជាង ១ម៉ឺនដុល្លារ

រថយន្ត Hyundai Elantra ជំនាន់ចុងក្រោយបង្អស់ ត្រូវបានប្រកាសចេញលក់ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយវានឹងត្រូវហៅថា Hyundai i30 Sedan។

រថយន្ត Hyundai i30 Sedan ឆ្នាំ២០២១ នេះមានការឌីហ្សាញទាក់ទាំងខ្លាំង ទាំងផ្នែកខាងក្រៅ និងខាងក្នុង។

រថយន្ត Sedan ខ្នាតតូចនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Mpi ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៧សេះមកស្តង់ដារ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ឬ អូតូ ៦វគ្គ។ ក្នុងនោះវាក៏មានជម្រើសម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ឬ អូតូ ៧វគ្គ។

ចំពោះតម្លៃរបស់រថយន្ត Hyundai i30 Sedan ឆ្នាំ២០២១ វិញ គឺចាប់ពី ២៤ ៧៩០ដុល្លារអូស្ត្រាលី ឬប្រហែល ១៧ ៤០០ដុល្លារអាមេរិក សម្រាប់ប្រភេទលេខដៃ និង ២៦ ៧៩០ដុល្លារអូស្ត្រាលី ឬ ១៨ ៨០០ដុល្លារអាមេរិក សម្រាប់ប្រភេទលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បង្ហាញតម្លៃ Ghost ២០២១ ក្នុងប្រទេសកំណើតរបស់ខ្លួន

រថយន្ត Rolls-Royce Ghost ឆ្នាំ២០២១ បានមកដល់ក្នុង Showroom នៃប្រទេសអង់គ្លេសហើយ ប៉ុន្តែនឹងធ្វើការដឹកឲ្យទៅដល់ដៃភ្ញៀវនៅត្រីមាសទី៤ នៃឆ្នាំ២០២០។

រូបរាង​ខាង​ក្រៅ​របស់​រថយន្ត Ghost ជំនាន់​ថ្មី មិន​បាន​ផ្លាស់​ប្ដូរ​ខុស​ពី​ជំនាន់​មុន​ខ្លាំង​ប៉ុន្មាន​ឡើយ ប៉ុន្តែ​គេ​បាន​កែខៃ​ឲ្យ​វា​​មើល​ទៅ​លេច​ធ្លោ​ជាង​រថយន្ត​ជំនាន់​មុន។ នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​ផ្ទាំង​ប៉ាណា​ថ្មី​ដែល​មាន​​បំពាក់​ដោយ​ភ្លើង LED ចំនួន​ ២០​គ្រាប់​នៅ​ផ្នែក​ខាង​ក្នុង ជួយ​ឲ្យ​ប្រឡោះ​នៃ​ផ្ទាំង​ប៉ាណា​លេច​ធ្លោ។ ​រថយន្ត Ghost ថ្មី​ក៏​មាន​បំពាក់​ភ្លើង​ LED និង​ភ្លើង​បំភ្លឺ​ផ្លូវ​ប្រភេទ​ឡាស៊ែរ ចំណែក​នៅ​ខាង​ក្រោយ​មាន​បំពាក់​អំពូល​ភ្លើង​ម៉ូដ​ថ្មី​ផង​ដែរ។​

រថយន្ត Ghost ជំនាន់​ថ្មី​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​អាលុយមីញ៉ូម​​ដែល​មាន​ភាព​បត់បែន​ល្អ​ដូច​ជា​រថយន្ត Phantom និង Cullinan ដែរ។ វា​មាន​បំពាក់​ដោយ​ម៉ាស៊ីន ៦,៧៥លីត្រ V12 ជា​ប្រភេទ Twin-Turbocharged ដែល​ផលិត​កម្លាំង​បាន​ ៥៦៣​សេះ ហើយ​វា​មាន​ប្រព័ន្ធ​ទប់​​ខ្យល់​ដ៏​ពិសេស​ដែល​អាច​កាត់​បន្ថយ​សំឡេង​ម៉ាស៊ីន​មិន​ឲ្យ​ឮ​ចូល​ដល់​​ខាង​ក្នុង។

មុខងារ​ដ៏​ច្នៃប្រឌិត​មួយ​ក្នុង​ចំណោម​មុខងារ​ពិសេស​លើ​រថយន្ត Ghost ជំនាន់​ថ្មី​គឺ​ប្រព័ន្ធ​បូម Planar Suspension System។ ប្រព័ន្ធ​បូម​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សាក​ល្បង និង​អភិវឌ្ឍន៍​១០​ឆ្នាំ​របស់ Rolls-Royce ដែល​វា​ប្រើ​ប្រាស់​កាមេរ៉ា​ដើម្បី​មើល​​សភាព​ផ្លូវ​ខាង​មុខ ហើយ​ត្រៀម​ផ្លាស់​ប្ដូរ​លក្ខណៈ​នៃ​បូម​ទៅ​តាម​ស្ថានភាព​ផ្លូវ​តែ​ម្ដង។

​មុខងារ​ពិសេស​ផ្សេង​ទៀត​មាន​ដូច​ជា​​ប្រព័ន្ធ​​ជំនួយ​ដល់​ការ​មើល​ផ្លូវ​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់, ប្រព័ន្ធ​កាមេរ៉ា​៤​គ្រាប់​​អាច​មើល​ឃើញ​ជុំវិញ​រថយន្ត, មុខងារ Active Cruise Control, មុខងារ​ព្រមាន​ពី​ការ​ប៉ះ​ទង្គិច, មុខងារ​តម្រង់​​គន្លង​ផ្លូវ​ពេល​បើកបរ, មាន​ Wi-Fi Hotspot និង​មុខងារ​ចូល​ចត​ដោយ​ខ្លួន​ឯង​ជា​ដើម។

គួរ​ដឹង​ថា​រថយន្ត​ Rolls-Royce Ghost ស៊េរី​ឆ្នាំ ២០២១ ទាំងប្រភេទតួខ្លី និងតួវែង នឹងចាប់ផ្តើមដឹកទៅដល់ដៃភ្ញៀវ នៅក្នុងខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងតម្លៃចាប់ពី ២០៨ ០០០ផោន ឬ ២៧០ ០០០ដុល្លារ សម្រាប់ប្រភេទតួខ្លី។ ដោយឡែក នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិកវិញ វាមានតម្លៃ​ចាប់​ពី ៣៣២ ៥០០​ ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini ចេញម៉ូដែលពិសេស Cooper 1499 GT ឆ្នាំ២០២១ លេងខ្លួនឡើងខ្មៅក្រិបហ្មង

ក្រុមហ៊ុន Mini បានបញ្ចេញរថយន្តម៉ូដែលពិសេសថ្មីមួយ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហៅថា Mini Cooper 1499 GT ស៊េរីឆ្នាំ២០២១។

រថយន្ត Mini Cooper 1499 GT នេះ គឺដើម្បីចូលរួមគោរពដល់រថយន្ត Mini 1275 GT ឆ្នាំ១៩៦៩ ហើយវានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៧ ០៤០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

Cooper 1499 GT ត្រូវបានតុបតែងដូចទៅនឹង 1275 GT ដែលជារថយន្តមានតម្លៃថោកបំផុតមួយ កាលពីឆ្នាំ១៩៦៩។ តួខ្លួនខាងក្រៅរបស់វាមានពណ៌ខ្មៅ ហៅថា Midnight Black Metallic ជាមួយនឹងតែមឆ្នូតៗពណ៌មាសនៅចំហៀង លាយអក្សរ 1499 GT បូករួមទាំង ស៊ុមប៉ាណាមុខខ្មៅ, ដៃទ្វារខ្មៅ និង ស៊ុមចង្កៀងមុខ-ក្រោយខ្មៅ ផងដែរ។

មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កញ្ចប់ Mini John Cooper Works Styling Package ដោយក្នុងនោះមានកាងមុខ កាងក្រោយ កាងចំហៀង កាងក្រោយកាត់ខ្យល់ និងយ៉ាន់ខ្មៅ ១៧អ៊ីញ សុទ្ធតែជារបស់ម៉ូដែល John Cooper Works។

រថយន្ត Cooper 1499 GT បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៣៤សេះ ដំណើរការដោយប្រអប់បលេខដៃ ៦វគ្គមកស្តង់ដារ ខណៈលេខអូតូ ៧វគ្គ ជា Option។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari កោះហៅឡាន 812 Superfast មកវិញ ព្រោះអាចរបើកកញ្ចក់ក្រោយចេញពីឡានពេលបើក

ក្រុមហ៊ុន Ferrari បានកោះហៅរថយន្ត 812 Superfast នៅសហរដ្ឋអាមេរិក ចូលរោងចក្រវិញដើម្បីដោះស្រាយបញ្ហាកញ្ចក់ខាងាក្រោយ។

បើតាមាឯកសារដែលផ្តល់ទៅឲ្យ National Highway Traffic Safety Administration (NHTSA) បានបង្ហាញថា រថយន្ត Ferrari 812 Superfast មានបញ្ហាកញ្ចក់ខាងក្រោយដែលអាចរបូត និងហោះចេញពីរថយន្ត ដោយសារាតែកន្លែងតភ្ជាប់កញ្ចក់ និងតួខ្លួនរថយន្តមិនស្អាត។

គួរឲ្យដឹងថា គ្រឿងដែលហោះចេញពីរថយន្ត គឺជាកត្តាផ្តល់គ្រោះថ្នាក់បំផុតមួយនៅលើដងផ្លូវ ធ្វើឲ្យក្រុមហ៊ុន Ferrari សម្រេចកោះហៅរថយន្ត 812 Superfast ចំនួន ១ ០៦៣គ្រឿងចូលមកវិញ។ ពួកវាត្រូវបានផលិតនៅចន្លោះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ទោះបីជាមានចំនួនកោះហៅចូលច្រើនមែន ប៉ុន្តែ Ferrari ទើបតែឮថាមានគ្រោះថ្នាក់ចំនួន ៣ ប៉ុណ្ណោះ ដែលបានកើតឡើងនៅប្រទេសអាល្លឺម៉ង់ កាលពីខែឧសភា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+