ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចាប់ផ្ដើមដេញតាម Tesla ហើយ!

លោក​ Herbert Diess ប្រធាន​សម្ព័ន្ធ Volkswagen Group បាន​​បង្ហើប​អំពី​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​អំពី​​ផែនការ​អនាគត​រថយន្ត​របស់ Audi ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សម្ព័ន្ធ។

ជា​ដំបូង​លោក Herbert បាន​បញ្ជាក់​ថា​រថយន្ត​ e-tron GT នៅ​ដំណើរ​ការ​តាម​ការ​គ្រោង​ទុក និង​កំណត់​ថា​ចាប់​ផ្ដើម​ចូល​រោងចក្រ​ផលិត​នៅ​ចុង​ឆ្នាំ ២០២០ នេះ។ ​នៅ​ឆ្នាំ ២០២១ នឹង​មាន​ការ​បង្ហាញ​ចេញ​រថយន្ត Q4 e-tron និង Q4 Sportback e-tron ដែល​អាច​បើកបរ​បាន​ចម្ងាយ ៤៥០​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។

បន្ថែម​ពី​នេះ​លោក Herbert ក៏​បាន​ប្រាប់​អំពី​គម្រោង​ការ​ Artemis របស់​ក្រុមហ៊ុន​ផង​ដែរ។ លោក​បាន​និយាយ​ថា​គម្រោង​ការ​ Artemis គឺ​មាន​ន័យ​ថា​ Audi បាន​ចាប់​ផ្ដើម​ការ​ប្រណាំង​ប្រជែង​ជា​មួយ Tesla ជា​ផ្លូវ​ការ ដោយ​មាន​ក្រុម​អ្នក​ជំនាញ​តូច​មួយ​កំពុង​សិក្សា​លើ​រថយន្ត​អគ្គិសនី​ជំនាន់​ថ្មី។ រថយន្ត​អគ្គិសនី​អនាគត​របស់ Audi អាច​បង្ហាញ​មុខ​លឿន​បំផុត​នៅ​ក្នុង​ឆ្នាំ ២០២៤។៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ដាក់តម្លៃឡាន IS ឆ្នាំ២០២១ ទាបជាងគូប្រជែងភាគច្រើន

Lexus បាន​បង្ហាញ​តម្លៃ​នៃ​រថយន្ត IS ស៊េរី​ឆ្នាំ ២០២១ នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ដោយ​​សម្រាប់​ IS 300 មាន​តម្លៃ​ចាប់​ពី ៤០ ០២៥​ដុល្លារ ជា​តម្លៃ​ដែល​បាន​គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន​​ ១០២៥​ដុល្លារ​រួច ហើយ​តម្លៃ​នេះ​ឡើង​លើស​​ស៊េរី​ឆ្នាំ ២០២០ ខ្ទង់ ៤០០​ដុល្លារ។

ចំពោះ​ IS 300 ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ​តម្លៃ​របស់​វា​គឺ​ឡើង​ដល់ ៤២ ០២៥​ដុល្លារ។ ចំណែក​ឯ​ IS 350 F-Sport វិញ​មាន​តម្លៃ​ ៤៣ ៩២៥​ដុល្លារ សម្រាប់​ប្រភេទ​ប៉ុង​មួយ និង​មាន​តម្លៃ ៤៥ ៩២៥​ដុល្លារ សម្រាប់​ប្រភេទ​ប៉ុង​ពីរ។

រថយន្ត​ IS ស៊េរី​ឆ្នាំ ២០២១ នេះ ឃើញ​ថា​មាន​តម្លៃ​ទាប​ជាង​គូ​ប្រជែង​មួយ​ចំនួន​ដូច​ជា​ Audi A4 (តម្លៃ​ចាប់​ពី ៤០ ១១៥​ដុល្លារ), BMW 3-Series (តម្លៃ​ចាប់​ពី ៤២ ២៤៥​ដុល្លារ) និង Mercedes-Benz C-Class (តម្លៃ​ចាប់​ពី ៤២ ៣៩៥​ដុល្លារ) ជា​តម្លៃ​ដែល​គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន​រួច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់តែមាននៅប្រទេសជិតខាង ឥឡូវរថយន្ត HONDA CITY RS ដូររូបរាងថ្មី ស៊េរីថ្មីឆ្នាំ២០២១ មានវត្តមាននៅកម្ពុជាហើយ!

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែល HONDA CITY  ជាប់ឈ្មោះជារថយន្តកម្រិតថវិកាដ៏មានប្រជាប្រិយបំផុតមួយ ដោយសារតែវាមានកាប៊ីនខាងក្នុងធំទូលាយ សមត្ថភាពខ្លាំង សន្សំសំចៃ ហើយថែមទាំងមានតម្លៃសមរម្យនៅក្នុងចំនោមរថយន្តថ្មីផ្សេងៗទៀតផង។

ឥឡូវនេះ ក្រុមហ៊ុន ភ្នំពេញ ហុងដា បាននាំយករថយន្ត HONDA CITY ប្រភេទRS ស៊េរីឆ្នាំ ២០២១ ដែលបានដូររូបរាងថ្មី មានការឌីហ្សាញថ្មីទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ជាមួយការចនាបែបស្ព័ត នឹងពហុបច្ចេកវិទ្យា ដែលសាកសមឥតខ្ចោះសំរាប់មនុស្សសម័យថ្មី។

រថយន្ត HONDA CITY RS បានបំពាក់ដោយការរចនាថ្មីគ្រប់ផ្នែកទាំងអស់ រួមមាន៖ ចង្កៀងមុខប្រភេទ LED បាញ់ភ្លើងបានភ្លឺច្បាស់ល្អ ថែមទាំងមិនចាំងភ្នែកអ្នកដទៃ គួបផ្សំជាមួយអំពូលបំភ្លឺពេលថ្ងៃ Daytime Running Lights ជួយឲ្យអ្នកដំណើរមកពីផ្នែកខាងមុខមើលឃើញកាន់តែច្បាស់ មិនថាពេលយប់ ឬថ្ងៃ និងអំពូលកាត់អ័ព្ទ ដែលជួយសំរាលហានិភ័យដែលមើលពុំឃើញ។ ចំណែកចង្កៀងខាងក្រោយរបស់វាក៏ជាប្រភេទ LED ដែលភ្លឺច្បាស់ល្អ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ថែមមួយកម្រិតទៀត។

សំរាប់ផ្នែកខាងក្នុងនៃ HONDA CITY RS កៅអីបានបំពាក់ទៅដោយពូកស្បែកលាយជាមួយនឹងកាម្ញី ដែលភ្ជាប់ជាមួយថ្នេរពណ៌ក្រហមយ៉ាងល្អប្រណិតឥតខ្ចោះ។ ហើយថ្វីបើជារថយន្តប្រភេទ Sedan ពិតមែន ប៉ុន្តែ HONDA CITY RS  មានប្រវែងសរុប ៤ ៥៥៣ មីលីម៉ែត្រ ទទឹង ១ ៧៤៨ មីលីម៉ែត្រ និងកម្ពស់ ១ ៤៦៧ មីលីម៉ែត្រ ដែលផ្តល់នូវកាប៊ីនខាងក្នុងធំទូលាយអាចអង្គុយបាន ៥នាក់យ៉ាងមានផាសុកភាព។

រថយន្ត HONDA CITY RS ឆ្នាំ២០២១ បំពាក់ដោយម៉ាស៊ីន ១,៥ លីត្រ DOHC I-VTEC  ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ហុងដាផងដែរ ហើយជួយសន្សំសំចៃ និងការពារបរិស្ថាន ។  រួមជាមួយគ្នានោះដែរវាបានបំពាក់ដោយប្រអប់លេខ CVT ដែលជួយអោយការផ្លាស់ប្តូរលេខពីមួយទៅមួយអោយមានភាពងាយស្រួល ​ព្រមទាំងអាចប្រើប្រាស់លេខដៃបាន ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរនៅលើដៃចង្កូតរបស់រថយន្តងាយស្រួលបើកបរទាំងក្នុង និងក្រៅក្រុង។

បន្ថែមពីនោះ មុខងារ និងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតដែលបាន​បំពាក់លើ HONDA CITY RS ២០២១ មួយនេះមានដូចជា អេក្រង់ Touch Screen ៨ អុីញ អាចប្រើប្រាស់បានជាមួយ ផែនទី (Map)​ មើលបានកាន់តែធំច្បាស់ល្អ, មុខងារបញ្ជាបញ្ឆេះរថយន្តពីចំងាយដោយប្រើប្រាស់ស្មាតឃី, TPMS មុខងារត្រួតពិនិត្យសម្ពាធកង់,  Cruise Control មុខងារកំណត់ល្បឿនថេរនៅលើផ្លូវ Highway,  Eco Mode ជួយសន្សំសំចៃសាំង, Voice Control បញ្ជាប្រើប្រាស់ដោយសំលេងផ្ទាល់, Air Conditioning System ម៉ាស៊ីនត្រជាក់អូតូ, Rear Camera​ + Front & Rear Sensor កាមេរ៉ាមើលក្រោយ និងសេនស័រចូលចត, មុខងារទប់លំនឹង VSA, មុខងារជំនួយពេលឡើងចំណោត HSA, EBD ហ្វ្រាំងអេឡិចត្រូនិច,  ESS ប្រពន្ធ័ផ្តល់សញ្ញាពេលមានអាសន្ន,  ACE+G-CON ប្រព័ន្ធគ្រោងដែកថែបការពារដ៏រឹងមាំ និងព្រមទាំងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដែលផ្តល់ទំនុកចិត្តដល់អ្នកបើកបរផងដែរ។

រថយន្ត HONDA CITY RS ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៦ ៩០០ដុល្លារ ហើយអតិថិជនក៏អាចធ្វើការបងរំលស់បានផងដែ។ សម្រាប់ព័ត៌មានលំអិតអាចអញ្ជើញមកទស្សនារថយន្តដោយ  ផ្ទាល់នៅក្រុមហ៊ុន ភ្នំពេញហុងដា​ ដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងព្រលានយន្តហោះភ្នំពេញអន្តរជាតិ និង លេខទូរស័ព្ទ ០២៣ ៩០១ ៨៥៨ / ០១៧ ៨៩៩ ៨៥៥ / ០១៦ ៧៧២ ៥៨៥ ឬតាមរយៈ Facebook Page : HONDA CAMBODIA​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 5-Series មួយប្រភេទនៅចិន មានតួវែងជាង 7-Series ទៅទៀត!

រថយន្ត​ BMW 5-Series LWB ស៊េរី​ឆ្នាំ ២០២១ សម្រាប់​ទីផ្សារ​ប្រទេស​ចិន​បាន​បង្ហាញ​វត្តមាន​កាល​ពី​ដើម​ខែ​កញ្ញា និង​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Beijing Auto Show កាល​ពី​ថ្មីៗ​នេះ។

ប្រវែង​ពី​កង់​​មុខ​ទៅ​កង់​ក្រោយ​របស់​រថយន្ត​នេះ​គឺ​មាន​រហូត​ដល់ ៣១០៥ម.ម ដែល​វែង​ជាង​ 7-Series ធម្មតា​ទៅ​ទៀត។ មិន​តែ​ប៉ុណ្ណោះ​ប្រវែង​សរុប​របស់​វា​ក៏​វែង​ជាង 7-Series ធម្មតា​ដែរ ដោយ​មាន​ប្រវែង​សរុប ៥១០៦​ម.ម

5-Series LWB នេះ​គឺ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​បង្កើត​រួច​គ្នា​រវាង​ Brilliance និង BMW ហើយ​ប្រភេទ​ដែល​ដាក់​តាំង​បង្ហាញ​គឺ​ជា 530Li ដំណើរ​ការ​ដោយ​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ។ ពេល​ដែល​បង្ហាញ​កាល​ពី​ដើម​ខែ BMW បាន​ឲ្យ​​អំពី​សមត្ថភាព​នៃ​ប្រភេទ 535Le ជា​ប្រភេទ​កប់​ជាង​គេ មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ភ្ជាប់​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​អាច​ផលិត​កម្លាំង​ ២៨៨​សេះ។

ទស្សនា​រូបភាព​ដែល​បង្ហាញ​អំពី BMW 5-Series LWB ស៊េរី​ឆ្នាំ ២០២១ ប្រភេទ 530Li ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងច្បាស់ៗនៃឡាន SUV អគ្គិសនីចិន តម្លៃចាប់ពី ៨ម៉ឺនដុល្លារ

ក្រុមហ៊ុន​រថយន្ត​ចិន Hongqi បាន​ដាក់​តាំង​បង្ហាញ​រថយន្ត​ជា​ច្រើន​ក្នុង​កម្មវិធី Beijing Auto Show ឆ្នាំ ២០២០ ដោយ​ក្នុង​នោះ​មាន​នូវ​រថយន្ត​ E-HS9 ដែល​ជា​រថយន្ត​អគ្គិសនី​ដ៏​ប្រណីត​មួយ។

រថយន្ត​ E-HS9 មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ប្រទេស​ចិន ដែល​វា​មាន​ជម្រើស​ចំនួន​ពីរ ដោយ​ទី​មួយ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ​បង្កើត​កម្លាំង​បាន​ ៣២៨​សេះ អាច​ជិះ​បាន​ចម្ងាយ ៤៦០​គ.ម។ មាន​មួយ​ប្រភេទ​ទៀត​មាន​កម្លាំង​ខ្លាំង​ជាង​នេះ ដែល​អាច​ស្ទុះ​ពី ០-១០០​គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ៤វិនាទី និង​អាច​បើកបរ​បាន​ចម្ងាយ ៥១០​គ.ម។

នៅ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​អេក្រង់​ឌីជីថល​ចំនួន​បី ក្នុង​នោះ​មាន​នូវ​ប្រព័ន្ធ​កម្សាន្ត​ផង​ដែរ, មាន​កុងទ័រ​បង្ហាញ​ប្រភេទ​ឌីជីថល ហើយ​មាន​រចនាបថ​ដោយ​សារធាតុ​ស្បែក​ប្រណីត ជា​មួយ​ឈើ និង​អាលុយមីញ៉ូម​ខ្លះៗផង​ដែរ។

រថយន្ត​ E-HS9 នេះ​​គ្រោង​នឹង​​ដាក់​លក់​ក្នុង​ប្រទេស​ចិន​ផ្ដាច់​មុខ ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៨ម៉ឺន​ដុល្លារ ដល់​ខ្ទង់ ១១​ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LC500 ប៉ះគ្រូតា Toyota Supra មួយណាខ្លាំងជាង (មានវីដេអូ)

Lexus LC500 និង Toyota Supra ស៊េរីឆ្នាំ២០២១ គឺជារថយន្តដែលមនុស្សជាច្រើនពេញចិត្ត និងចង់បានមកធ្វើជាកម្មសិទ្ធិខ្លួន ខណៈពួកវាទាំងពីរសុទ្ធតែចេញមកពីត្រកូលតែមួយ គឺ Toyota។ ជាការពិតណាស់ LC500 និង Supra គឺជាប្រភេទរថយន្ត Coupe ទ្វារ២ ដែលមានការឌីហ្សាញគួរឲ្យទាក់ទាញ និងដំណើរការខ្លាំងគួរឲ្យកត់សម្គាល់មួយផងដែរ។

រថយន្ត Lexus LC500 បំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ naturally aspirated V8 មានកម្លាំង ៤៧១សេះ ដំណើរការដោយប្រអប់លេខអូតូ​ ១០វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់ក្រោយ RWD ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។

ដោយឡែក រថយន្ត Toyota Supra វិញ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF និង ប្រព័ន្ធប៉ុងមួយវិលកង់ក្រោយ RWD ដូចគ្នា ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ។

ថ្វីបើ LC500 មានកម្លាំងខ្លាំងជាង Supra មែន ប៉ុន្តែវាក៏ធ្ងន់ជាងរហូតដល់ទៅជាង ៤០០គីឡូក្រាមផងដែរ៕

ចង់ដឹងលទ្ធផលទៅជាយ៉ាងណា​ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃឡាន BMW 4-Series Convertible បើកដំបូលបាន ឆ្នាំ២០២១

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 4-Series Convertible បើកដំបូលបាន ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត BMW 4-Series Convertible ខុសពីស៊េរីមុនត្រង់ថា ស៊េរីឆ្នាំ២០២១នេះ មានដំបូលទន់ (soft-top) ខណៈស៊េរីមុនគឺមានដំបូលរឹង (hard-top)។ BMW អះអាងថា ដំបូលទន់អាចជួយកាត់បន្ថយទម្ងន់, ផ្តល់កន្លែងផ្ទុកអីវាន់ច្រើនជាងមុន និង ជួយឲ្យការបើកបរកាន់តែប្រសើរ។

គួរឲ្យដឹងថា ដំបូលលើរថយន្ត 4-Series Convertible អាចបើក និងបិទក្នុងរយៈពេល ១៨វិនាទី ហើយក៏អាចបើកពេលរថយន្តកំពុងធ្វើដំណើរ ក្នុងល្បឿនរហូតដល់ ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក រថយន្ត 4-Series Convertible ផ្តល់ជម្រើសជាច្រើនម៉ូដែល ដូចជា 430i (ប៉ុងមួយ) និង 430i xDrive (ប៉ុងពីរ) ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ ព្រមទាំងម៉ូដែល M440i (ប៉ុងមួយ) និង M440i xDrive (ប៉ុងពីរ) ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ។ គ្រប់ម៉ូដែលទាំងអស់សុទ្ធតែប្រើប្រអប់លេខអូតូ ៨វគ្គ។

រថយន្ត BMW 4-Series Convertible ស៊េរីឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥៣ ១០០ដុល្លារ សម្រាប់ម៉ូដែល 430i, ៥៥ ១០០ដុល្លារ សម្រាប់ 430i xDrive, ៦៤ ០០០ដុល្លារ សម្រាប់ M440i និង ៦៦ ០០០ដុល្លារ សម្រាប់ M440i xDrive៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មនុស្សម្នារចាប់អារម្មណ៍ខ្លាំង លើឡានអគ្គិសនិសាកភ្លើងម្តងជិះបាន ៦០០គ.ម៉

រថយន្តម៉ូដែល HiPhi X របស់ក្រុមហ៊ុនចិន Human Horizons កំពុងតែក្លាយជារថយន្តអគ្គិសនីដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងកម្មវិធី 2020 Beijing Auto Show។

បង្ហាញខ្លួនលើកដំបូងជាគំរូរថយន្ត កាលពីខែកក្កដា ឆ្នាំ២០១៩ រថយន្ត HiPhi X នេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលសង្វាក់ផលិតកម្ម។ ខណៈពេលដែលក្រុមហ៊ុនជាច្រើនចេញរថយន្តអគ្គិសនីក្នុងប្រទេសចិន ជាប្រភេទ Sedan, SUV ឬ រថយន្តស្ព័រ ប្លែកតែ HiPhi X គឺជារថយន្តប្រភេទ SUV កាត់​ MPV។

រថយន្តនេះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ដោយសារតែការឌីហ្សាញរបស់វា ជាមួយនឹងចង្កៀងមុខរាងដង្កាបក្តាម ជាមួយរបាភ្លើង LED យ៉ាងទាក់ទាញ ខណៈផ្នែកខាងក្រោយក៏បំពាក់ចង្កៀងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។

HiPhi X មានទាំងប្រភេទ ៤កៅអី និង ៦កៅអី ដោយមានតម្លៃចាប់ពី ៨០០ ០០០យ័ន (១១៧ ០០០ដុល្លារ) និង ៦៨០ ០០០យ័ន (៩៩ ០០០ដុល្លារ)។ ត្រូវហើយ ប្រភេទ ៤កៅអីគឺថ្លៃជាង។ វាបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩៦គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៦១០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានចិនចង់ធ្វើដូច Rolls-Royce បង្ហាញមុខជាផ្លូវការ

រថយន្ត Hongqi H9+ ត្រូវគេប្រមាញ់បានជាលើកដំបូងកាលពីខែសីហាកន្លងទៅ នៅ Showroom មួយក្នុងប្រទេសចិន ហើយឥឡូវនេះវាក៏បានបង្ហាញមុខជាផ្លូវការ ក្នុងកម្មវិធី 2020 Beijing Auto Show។

Hongqi H9+ គឺជារថយន្តតួវែង ដែលមានប្រវែងលើសម៉ូដែល H9 ធម្មតាដល់ទៅ ២០សង់ទីម៉ែត្រ។ សរុបមក H9+ មានប្រវែង ៥,៣៤ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣,២៦ម៉ែត្រ។ ប្រវែងប៉ុណ្ណេះ ច្បាស់ណាស់ថាអាចឲ្យអ្នកដំណើរក្រោយ អង្គុយយ៉ាងមានផាសុកភាព។

រថយន្ត Hongqi H9+ មានបំពាក់ម៉ាស៊ីន supercharged ចំណុះ ៣,០លីត្រ V6 មកស្តង់ដារ មានកម្លាំង ២៨៣សេះ។ វាក៏ផ្តល់ជម្រើសម៉ាស៊ីនមួយទៀត គឺចំណុះ ២,០លីត្រ turbo ផងដែរ។

ទោះជាយ៉ាងណា ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់របស់វា នៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរាងឡានអគ្គិសនីចិនមួយ ឌីហ្សាញរូបរាងដោយអតីតបុគ្គលិក Land Rover

Futurist របស់​ក្រុមហ៊ុន Great Wall Motors គឺ​ជា​រថយន្ត Concept ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Beijing Auto Show ឆ្នាំ ២០២០ ដោយ​សារ​រូបរាង​ដ៏​ទាក់ទាញ​របស់​ខ្លួន។

វា​គឺ​ជា​រថយន្ត​អគ្គិសនី​ដែល​មាន​រចនាបថ​បែប​បុរាណ ប៉ុន្តែ​មាន​ប្រណីតភាព​ខ្ពស់ ដោយ​វា​​មាន​បំពាក់​នូវ​អាគុយ​ដែល​អាច​ជិះ​បាន​ចម្ងាយ ៧០០​គីឡូម៉ែត្រ។ បន្ថែម​ពី​នេះ​វា​ក៏​មាន​បំពាក់​នូវ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ Level 3 ជា​មួយ​សមត្ថភាព​បញ្ជា​មុខងារ​ដោយ​សំឡេង​បាន​ផង​ដែរ។

បើ​ផ្អែក​តាម​ CarNewsChina បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Futurist នេះ​គឺ​​ជា​ស្នាដៃ​ឌីហ្សាញ​របស់​​ Phil Simmons ដែល​ជា​អតីត​អ្នក​ឌីហ្សាញ​ប្រចាំ​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Jaguar Land Rover ដែល​រូប​លោក​ក៏​ជា​បង្កើត​នូវ​រថយន្ត Haval Big Dog SUV ផង​ដែរ។ Great Wall Motors និយាយ​ថា​រថយន្ត Futurist នេះ​គឺ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ឈ្មោះ​ថា Lemon ដែល​វា​អាច​ប្រើ​ប្រាស់​បាន​ជា​មួយ​រថយន្ត​គ្រប់​ប្រភេទ​មាន​ចាប់​ពី​រថយន្ត​ដើរ​ដោយ​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ រថយន្ត​ប្រភេទ PHEV និង​រថយន្ត​អគ្គិសនី រួម​ជា​មួយ​រថយន្ត​ប្រភេទ Fuel Cell ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+